ប្រធានសហព័ន្ធកីឡាសីដក់ និងឈិនឡូនកម្ពុជា ថាបើទោះជាការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិនេះមានរយៈពេលខ្លីពិតមែន ប៉ុន្តែវាមានសារសំខាន់ចំពោះកីឡាករ កីឡាការិនីដែលបានចូលរួមប្រកួតបញ្ចេញសមត្ថភាពដែលខ្លួនមាន។
ឯកឧត្ដម មាស សារិន ប្រធានសហព័ន្ធកីឡាខាងលើនេះបានឲ្យដឹងថា ការប្រកួតជើងឯកថ្នាក់ជាតិនេះគឺពិតជាមានសារសំខាន់ណាស់ចំពោះកីឡាករ កីឡាការិនីដែលខំហ្វឹកហាត់កន្លងទៅ ព្រោះជាឱកាសបញ្ចេញសមត្ថភាពរបស់ខ្លួនដែលមាន។ មួយវិញទៀតជាឱកាសល្អសម្រាប់សន្សំបទពិសោធ វាស់ស្ទង់បច្ចេកទេស និងបំពេញបន្ថែមនូវចំណុចខ្វះខាតផងដែរ។

ចំពោះលទ្ធផលដែលបានមកនេះគឺពិតជាបញ្ជាក់អំពីការខំប្រឹងប្រែងតស៊ូហ្វឹកហាត់របស់កីឡាករ កីឡាការិនីនាពេលកន្លងទៅនេះ។ ទន្ទឹមនិងនេះព្រឹត្តិការណ៍នេះក៏ជាការពង្រឹងបទពិសោធដល់គណៈកម្មការរៀបចំ និងចៅក្រមប្រកួតឲ្យរឹតតែល្អប្រសើរពីមួយកម្រិតទៅមួយកម្រិតបន្ថែម។

បញ្ជាក់ដែរថា ការប្រកួតជើងឯកថ្នាក់ជាតិរបស់កីឡាសីដក់ និងឈិនឡូនកម្ពុជា បានធ្វើឡើងរយៈពេល២ថ្ងៃគឺចាប់ពីថ្ងៃទី១៤ ដល់ ១៥ ខែធ្នូ ឆ្នាំ២០២៣ នៅសាលដំរីក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ។ ក្លឹបចូលរួម ៦ក្លឹបហើយសរុបកីឡាករ កីឡាការិនីមាន ៩៣នាក់៕