អាការជំងឺរបស់លោកគ្រូ អេ ភូថង ដែលបានដឹកនាំកូនទៅប្រកួតនៅប្រទេសអូស្ត្រាលីកាលពីពាក់កណ្តាលខែធ្នូ ឆ្នាំ២០២៤កន្លងបានធ្វើទុក្ខឡើងវិញ បន្ទាប់ពីលោកបានវិលត្រឡប់មកដល់ប្រទេសកំណើត។ គ្រាន់តែមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញភ្លាម លោកត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។នៅខណៈពេលជាមួយគ្នានេះ លោក លៀង ប៉ហេង ដែលត្រូវជាស្វាមីរបស់កីឡាការិនី អេ យ៉ានុត និងជាកូនប្រសារបស់លោកគ្រូ អេ ភូថង បានធ្លាក់ខ្លួនឈឺជាទម្ងន់រហូតបានទទួលមរណភាពនៅយប់ថ្ងៃទី២ ខែមករា ឆ្នាំ២០២៥ នៅប្រទេសថៃដោយជំងឺមហារីកពោះវៀន។ក្រុមគ្រួសាររបស់លោកគ្រូ អេ ភូថង ក៏ទំនងជាគិតច្រើនដល់កូនសិស្សគឺកីឡាករ ធឿន ធារ៉ា ដែលបានធ្វើឲ្យខកខានក្នុងការចូលរួមប្រកួតនៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥។ កូនសិស្សរបស់លោកគ្រូ អេ ភូថង រូបនេះបានរបួសពេលទៅលេងបាល់ទាត់មិត្តភាពដើម្បីសប្បុរសធម៌កាលពីប៉ុន្មានថ្ងៃមុនបង្ខំឲ្យសម្រាកច្រើនថ្ងៃដើម្បីព្យាបាលរបួស។
កីឡាការិនី អេ យ៉ានុត បានរៀបការជាមួយលោក លៀង ប៉ហេង ជាមន្ត្រីនគរបាលម្នាក់ កាលពីខែកញ្ញា ឆ្នាំ២០២១ បន្ទាប់ពីបានរៀបចំពិធីភ្ជាប់ពាក្យកាលពីខែកក្កដា ឆ្នាំ២០២០។ អ្នកទាំងពីរទទួលបានកូនប្រុសម្នាក់ជាចំណងដៃអាពាហ៍ពិពាហ៍៕