លោក Conor McGregor កីឡាករយុទ្ធគុនចម្រុះ (MMA) ដ៏ល្បីល្បាញ ត្រូវបានតុលាការសាធារណរដ្ឋអៀឡង់សម្រេចចោទប្រកាន់ ពីបទរំលោភបំពានផ្លូវភេទ លើនារីម្នាក់ក្នុងពិធីជប់លៀងមួយនៅផ្ទះរបស់គេ ស្ថិតក្នុងទីក្រុង Dublin ប្រទេសសាធារណរដ្ឋអៀឡង់ កាលពីឆ្នាំ ២០១៨។ សេចក្តីសម្រេចពីសំណាក់តុលាសាធារណរដ្ឋអៀឡង់ ថ្ងៃទី២២ ខែវិច្ឆិកា ក៏បានទាមទារឱ្យ កីឡាករប្រដាល់យុទ្ធគុនចម្រុះ McGregor បង់ប្រាក់សងថ្លៃខូចខាតទៅកាន់នារីរងគ្រោះចំនួន ២៥ម៉ឺនអឺរ៉ូ (២៥,៩ម៉ឺនដុល្លារ)។
នារីម្នាក់ឈ្មោះថា Nikita Hand ជាដើមបណ្តឹង បានប្តឹងទៅតុលាការ ថា McGregor បានរំលោភបំពានផ្លូវភេទលើរូបនាង កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ ២០១៨ ស្ថិតក្នុងទីក្រុង Dublin រួមជាមួយនឹងបុរសម្នាក់ទៀត ឈ្មោះថា James Lawrence ។ ប៉ុន្តែករណីរបស់បុរសឈ្មោះថា James Lawrence ត្រូវបានតុលាការសម្រេចថាមិនមានជាប់ពាក់ព័ន្ធទៅនឹងករណីរំលោភបំពានផ្លូវភេទ លើនាង Nikita Hand នោះឡើយ។
បើតាមសម្តីរបស់នាង Nikita Hand រឿងហេតុកើតឡើង ស្ថិតក្នុងកម្មវិធីជប់លៀងពិធីបុណ្យនូអែលមួយកន្លែង ដោយមិត្តភក្តិរបស់នាង បានទាក់ទងទៅកាន់ McGregor ឱ្យមកចូលរួមពិធីនោះ។ បន្ទាប់ពីពិធីជប់លៀងនោះ McGregor បានបើកបររថយន្តដឹកនារីទាំងនោះ ទៅកាន់បន្ទប់របស់គេ ស្ថិតនៅសណ្ឋាគាមួយនៅភាគខាងត្បូងទីក្រុង Dublin ហើយបានបន្តកម្មវិធីជប់លៀងនៅទីនោះថែមទៀត។
នាង Hand បានបញ្ជាក់បន្ថែមថា McGregor បាននាំរូបនាងចូលទៅបន្ទប់របស់គេ ហើយបានរំលោភបំពានលើរូបនាង។
ចំណែកសេចក្តីសម្រេចចោទប្រកាន់ទៅលើ លោក Conor McGregor បានធ្វើឡើង បន្ទាប់ពីគណៈវិនិច្ឆ័យចំនួន ១២នាក់ ក្នុងនោះមានបុរស ៤នាក់ ក្នុងតុលាកំពូលសាធារណរដ្ឋអៀឡង់ បានពិភាក្សាគ្នា ពិចារណាអស់រយៈពេលជាង ៦ម៉ោង ទើបឈានដល់ការសម្រេចសាលក្រមចុងក្រោយ។
បន្ទាប់ពីឮសេចក្តីសម្រេចពីសំណាក់តុលាការ លោក McGregor បានចាកចេញពីតុលាសាធារណៈរដ្ឋអៀឡង់ ខណៈប្រឈមមុខនឹងអ្នកកាសែតជាច្រើននៅពីមុខតុលាការ ប៉ុន្តែរូបគេមិនបាននិយាយអ្វីឡើយ ឆ្លើយទៅកាន់សំណួររបស់អ្នកកាសែតដែលបានព្យាយាមសាកសួរ។ យ៉ាងមិញ McGregor ក៏បានបង្ហោះនៅលើបណ្តាញសង្គម X អតីត Twitter ថារូបគេមានគម្រោងក្នុងការដាក់ពាក្យបណ្តឹងឧទ្ធរណ៍ ប្រឆាំងការសម្រេចចិត្តរបស់តុលាការ។
McGregor វ័យ ៣៦ឆ្នាំ ក៏បានបដិសេធចំពោះការចោទប្រកាន់ពីសំណាក់តុលាការ និងបាននិយាយថា រូបគេ បានរួមភេទជាមួយនាង Nikita Hand គឺជាការយល់ព្រមព្រៀងគ្នា ហើយថែមទាំងបដិសេធថា រូបគេមិនបានបង្ករបួសស្នាមលើរូបនាងផងដែរ៕