Sir Alex Ferguson បានក្លាយជាវីរបុរសផ្នែកដឹកនាំក្រុមមួយរូបប្រចាំក្លិប Manchester United ដែលមានមនុស្សជាច្រើនចង់យកត្រាប់តាម ដើម្បីភាពជោគជ័យក្នុងអាជីពដឹកនាំ។ លោក Ruben Amorim គ្រូបង្វឹកថ្មីប្រចាំក្រុមបិសាចក្រហម បាននិយាយថា លោកគឺខុសប្លែកពី Sir Alex ហើយក៏មិនយកត្រាប់តាម របៀបដឹកនាំក្រុមឱ្យវិលត្រឡប់ទៅកាន់ភាពជោគជ័យឡើងវិញដែរ។
ខ្ញុំមកទីនេះមិនមែនធ្វើត្រាប់តាមនរណាម្នាក់ឡើយ ដូច្នេះខ្ញុំត្រូវធ្វើអ្វីជាខ្លួនខ្ញុំ យើងត្រូវតែទាមទារខ្លាំងលើចំណុចនេះ ហើយនេះគឺជាក្លិបមួយដែលត្រូវការទាមទារឈ្នះជាចាំបាច់។ យើងត្រូវតែបង្ហាញទៅកាន់កីឡាកររបស់យើង។ ប៉ុន្តែវាគឺជាពេលវេលាខុសគ្នាមួយ ខ្ញុំមិនអាចធ្វើត្រាប់ដូចទៅនឹង Sir Alex Ferguson ធ្លាប់បានធ្វើ ព្រោះពេលនេះវាខុសគ្នា ហើយខ្ញុំត្រូវការវិធីសាស្ត្រថ្មី ។»។ លោក Amorim បាននិយាយក្នុងសន្និសីទកាសែតមុនការប្រកួតទល់នឹងក្រុម Ipswich Town ឆ្លើយតបទៅនឹងរបៀបនៃការដឹកនាំក្រុមរបស់លោកបែបនេះ។
លោក Amorim ត្រូវបានតែងតាំងជាគ្រូបង្វឹកក្រុម Man Utd កាលពីថ្ងៃទី១ ខែវិច្ឆិកា ហើយនឹងត្រូវដឹកនាំក្រុមប្រកួតប្រជែងលើកដំបូង នៅថ្ងៃទី២៤ ខែវិច្ឆិកា ទល់នឹងក្រុម Ipswich Town វេលាម៉ោង ១១:៣០យប់ (ម៉ោងនៅកម្ពុជា)។ បុរសសញ្ជាតិព័រទុយហ្កាល់ទៀតសោត ត្រូវបានមនុស្សជាច្រើនរំពឹងថានឹងអាចក្លាយជាអ្នកចាត់ការដំបូង
ដែលនឹងអាចជួយក្រុមឈ្នះពានលីគកំពូលអង់គ្លេស ចាប់តាំងពីការចូលនិវត្តន៍របស់លោក Sir Alex Ferguson ក្នុងឆ្នាំ ២០១៣ មក។
លោក Amorim បានចូលមកកាន់តំណែងបន្តពីលោក Erik ten Hag ដែលត្រូវបានបណ្តេញចេញពីតំណែង ព្រោះតែក្រុមឆ្លងកាត់ការប្រកួតមិនបានល្អ និងធ្លាក់ទៅឈរនៅចំណាត់ថ្នាក់លេខ ១៤ ។ ភារកិច្ចធំរបស់ Amorim នៅជិតពាក់កណ្តាលផ្លូវ គឺត្រូវជួយក្រុម Man Utd វិលត្រឡប់ទៅកាន់ការប្រជែងនៅតំបន់កំពូលតារាងឡើងវិញ។ អ្នកចាត់ការវ័យ ៣៩ឆ្នាំ ផ្ទាល់ទៀតសោត ក៏បានទទួលស្គាល់ថា ការចូលមកដឹកនាំនៅពាក់កណ្តាលរដូវកាល គឺមានផលវិបាកខ្លាំង ព្រោះតែត្រូវការពេលវេលាស្វែងយល់ពីកីឡាករឱ្យបានច្រើន។
ដោយឡែកទាក់ទងទៅនឹងការប្រកួតប្រជែងវិញ Premier League សម្បូរដោយក្រុមខ្លាំងៗ រួមទាំងមានគ្រូបង្វឹកល្អៗនៅជាមួយគ្នា ។ កាលពីពេលថ្មីៗនេះ លោក Pep Guardiola ជាគ្រូបង្វឹកខ្លាំងមួយរូបបានបន្តកិច្ចសន្យាជាមួយនឹងក្រុម Man City រយៈពេល ២រដូវកាលថែមទៀត។ អតីតគ្រូបង្វឹកក្រុម Sporting CP បាននិយាយថា ការបន្តកិច្ចសន្យាថ្មីរបស់លោក Guardiola នឹងបន្តបញ្ហាសម្រាប់មនុស្សគ្រប់គ្នានៅ Premier League ទាំងមូល ក៏ព្រោះតែកម្រិតបច្ចេកទេសដឹកនាំរបស់អ្នកចាត់ការសញ្ជាតិអេស្ប៉ាញ គឺជាកម្រិតមួយខ្ពស់ខ្លាំង មិនងាយធ្វើដូចបាន។
គ្រូបង្វឹកវ័យ ៣៩ឆ្នាំ បាននិយាយពីដូច្នេះថា៖«ខ្ញុំគិតថាបញ្ហាគឺសម្រាប់គ្រប់គ្នានៅទីនេះ ប៉ុន្តែយើងមានរឿងច្រើនណាស់ត្រូវធ្វើ យើងមិនអាចផ្តោតតែលើរឿងគ្រប់គ្នានោះទេ ។ យើងត្រូវការផ្តោតលើការពង្រឹងសមត្ថភាពក្លិបរបស់យើង និងមិនអាចផ្តោតលើក្លិបដទៃឡើយ។ រឿងមួយទៀតវាគឺនឹងអស្ចារ្យ ប្រសិនបើអ្នកអាចបំបាក់ក្រុមខ្លាំងដូចពួកគេបាន នោះវានឹងបញ្ហាសញ្ញាល្អ ប៉ុន្តែពេលនេះគឺជាការផ្តោតលើ Manchester United។