អ្នកប្រដាល់សកលអាជីពជនជាតិអាមេរិកកីឡាករ Jaron Ennis វ័យ២៧ឆ្នាំប្រកួតប្រដាល់សកលអាជីពរយៈពេល៨ឆ្នាំមិនទាន់ស្គាល់បរាជ័យសោះ ក្រោយចាប់ផ្ដើមប្រកួតកម្រិតអាជីពទាំងពីឆ្នាំ២០១៦។
Jaron Ennis កើតថ្ងៃទី២៦ ខែមិថុនា ឆ្នាំ១៩៩៧ ជាអ្នកប្រដាល់អាជីពជនជាតិអាមេរិក បានគ្រងខ្សែក្រវាត់ប្រដាល់សកលអន្តរជាតិ (IBF) តាំងពីឆ្នាំ២០២៣។ ក្នុងនាមជាអ្នកប្រដាល់ស្ម័គ្រចិត្ត រូបគេបានឈ្នះមេដាយប្រាក់ និងមេដាយមាសក្នុងកម្មវិធី U.S. National Golden Gloves Championships ក្នុងឆ្នាំ២០១៤និង២០១៥។
Ennis បានបង្ហាញខ្លួនក្នុងការប្រកួតកម្រិតជាអាជីពដំបូងនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៦ ដោយបានយកឈ្នះកីឡាករ Cory Muldrew តាមរយៈការផ្តួលគូក្នុងទឹកទី១ នៅមជ្ឈមណ្ឌល Dixie ក្នុងទីក្រុង St. George រដ្ឋ Utah ។ ក្រោយឈ្នះ២០ប្រកួតជាប់គ្នាកីឡាករទទួលបានឱកាសប្រកួតដណ្ដើមខ្សែក្រវាត់លើដំបូងក្នុងឆ្នាំ២០១៨។ ក្នុងការប្រកួតដណ្ដើមខ្សែក្រវាត់ WBC–USNBC Silver welterweight រូបគេបន្ដធ្វើបានល្អដោយយកឈ្នះកីឡាករ Armando Alvarez ក្រោយចំណាយពេល៣ទឹកប៉ុណ្ណោះ ដើម្បីក្លាយជាម្ចាស់ខ្សែក្រវាត់។
នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ កីឡាករ Jaron Ennis បានបន្ដឈ្នះខ្សែក្រវាត់ IBO ដែលជាខ្សែក្រវាត់ទី២ ក្រោយយកឈ្នះកីឡាករ Chris van Heerden ក្នុងទឹកទី១ប៉ុណ្ណោះ ប៉ុន្ដែក្នុងការប្រកួតនោះមិនបានប្រកាសលទ្ធផលគេផ្លូវការទេ។ ៣ឆ្នាំក្រោយមក Jaron Ennis បានឈ្នះខ្សែក្រវាត់ IBF ជាខ្សែក្រវាត់ទី៣ ក្រោយឈ្នះពិន្ទុកីឡាករ Karen Chukhadzhian ក្នុងការប្រកួត១២ទឹកពេញ។
គិតត្រឹមឆ្នាំ២០២៤ អ្នកប្រដាល់សកលអាមេរិក Jaron Ennis កំពុងកាន់កាប់កំណត់ត្រាឈ្នះ១០០% ក្រោយប្រកួត៣៣ លើកឈ្នះ៣២ (មិនប្រកាសលទ្ធផល១លើក) ហើយផ្ដួលដៃគូឲ្យបោះបង់ការប្រកួតចំនួន២៩លើក៕