គ្រូបង្វឹកក្រុម Barcelona លោក Xavi Hernandez ថ្មីៗនេះ បាននិយាយក្នុងបទសម្ភាសមួយទៅកាន់ ‘Movistar+’ អំពីការប្រកួតរវាងក្លិបរបស់ខ្លួន ជាមួយក្រុម Real Madrid បន្ទាប់ពីបានយកឈ្នះទៅលើក្រុម Osasuna ដើម្បីឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Spanish Super Cup ។
ជាការពិតណាស់ Barca បានទទួលជ័យជម្នះទៅលើក្រុម Osasuna ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ក្នុងលទ្ធផល ២–០ កាលពីយប់មិញ ដោយពួកគេនឹងត្រូវឡើងទៅជួបជាមួយក្រុមរបស់លោក Carlo Ancelotti ដែលទទួលជ័យជម្នះលើក្រុម AT Madrid ដោយលទ្ធផល ៥–៣ ក្នុងម៉ោងបន្ថែម។
យ៉ាងណាមិញ នៅមុនការប្រកួតដែលនឹងត្រូវធ្វើឡើងនារាត្រីថ្ងៃសៅរ៍ឈានចូលថ្ងៃអាទិត្យខាងមុខ លោក Xavi បាននិយាយថា ៖ ” ខ្ញុំសង្ឃឹមថា វាជាការប្រកួតវគ្គផ្តាច់ព្រ័ត្រដ៏រំភើបមួយ។ គ្មានក្រុមណាមានប្រៀបជាងក្រុមណានោះឡើយ សម្រាប់ការប្រកួតនេះ ” ។
លោកបន្តទៀតថា ៖ ” យើងចង់ប្រកួតជាមួយគូប្រកួតដែលខ្ញុំបានមើលឃើញពីការលេងដ៏ល្អរបស់ពួកគេ។ ខ្ញុំសង្ឃឹមថាវគ្គផ្តាច់ព្រ័ត្រនេះ អាចជាការប្រកួតដ៏ល្អបំផុតរបស់យើង ដូចគ្នាកាលពីឆ្នាំមុនដែរ។ យើងក្រុមជាម្ចាស់ជើង ហើយយើងរំពឹងថា យើងនឹងនៅតែអាចធ្វើបាន ” ៕