សមាគមបាល់ទាត់អឺរ៉ុបហៅកាត់ UEFA បានប្រកាសចេញនូវបញ្ជីកីឡាករប្រើប្រាស់ល្បឿនបានលឿនបំផុត ក្នុងព្រឹត្តិការណ៍ Champions League រដូវកាល ២០២២/២៣ ហើយឃើញមានឈ្មោះតារាឆ្នើមដូចបងប្អូនធ្លាប់បានដឹង តែអ្នកឈរលេខរៀងទី ១ គឺជាសមាជិកក្លឹប Bayern Munich នៅជំនួបវគ្គចែកពូល ទល់ Inter Milan ឯណោះ។
តាមរបាយការណ៍បច្ចេកទេសដែល UEFA ធ្វើការស្រង់មកផ្សាយយ៉ាងច្បាស់លាស់ Alphonso Davies ឈរចំណាត់ថ្នាក់កំពូល អាចរត់ដល់ល្បឿន ៣៧,១ គីឡូម៉ែត្រ ពេលនោះគេប្រើចង្វាក់រត់ទៅប្រយុទ្ធ ហើយបាននាំមុខលើ Ousmane Dembele សព្វថ្ងៃជាសមាជិក PSG និង Mykhailo Mudryk សមាជិក Chelsea កាលនៅក្លឹបចាស់ពួកគេប្រើល្បឿន ៣៦,៦ គីឡូម៉ែត្រ/ម៉ោង។
អ្នកផ្សេងទៀតមានដូច Rafael Leao (AC Milan) ប្រើល្បឿន ៣៦,៥ គីឡូម៉ែត្រ/ម៉ោង, Gabriel Veron (Porto) ប្រើល្បឿន ៣៦,៤ គីឡូម៉ែត្រ/ម៉ោង និង Federico Valverde (Real Madrid) ប្រើល្បឿន ៣៦,៣ គីឡូម៉ែត្រ/ម៉ោង។ រួមបញ្ចូលទាំងខ្សែការពារ Nuno Tavares ខ្ចីជើងពី Arsenal ឲ្យ Marseille ក៏មានឈ្មោះដូចគ្នាដែរ។
រំឭកឲ្យដឹង យុទ្ធនាការរដូវកាលថ្មី UCL ២០២៣/២៤ ក៏កៀកនឹងចូលមកដល់ទៀតហើយ នេះការចាប់ឆ្នោតវគ្គចែកពូល ៣២ ក្រុម កំណត់ធ្វើឡើងនៅថ្ងៃទី ៣១ សីហា ឆ្នាំ ២០២៣ មុនចាប់ផ្តើមប្រកួតនៅថ្ងៃទី ១៩ កញ្ញាតទៅមុខ៕