អ្នកចាត់ការក្រុមបិសាចក្រហម Manchester United លោក Erik ten Hag ត្រូវបានគេរាយការណ៍មកថា មានចំណាប់អារម្មណ៍ខ្លាំង ក្នុងការចុះហត្ថលេខាលើអតីតខ្សែការពាររបស់ក្លិប Chelsea កីឡាករ Andreas Christensen ។
ជាក់ស្តែង Christensen បច្ចុប្បន្នកំពុងលេងឱ្យក្លិប Barcelona បន្ទាប់ពីបានសម្រេចចិត្តចាកចេញពីក្លិប Chelsea ដោយគ្មានតម្លៃខ្លួន កាលពីរដូវក្តៅមុន ហើយបច្ចុប្បន្នកំពុងក្លាយជាផ្នែកដ៏សំខាន់មួយ សម្រាប់ក្រុមរបស់លោក Xavi រួចទៅហើយ ។
យ៉ាងណាមិញ បើតាមការចុះផ្សាយពី El Nacional បានបង្ហើបប្រាប់ឱ្យដឹងថា គុណផលលេងរបស់ខ្សែការពារសញ្ជាតិដាណឺម៉ាករូបនេះ ហាក់ទាក់ទាញចំណាប់អារម្មណ៍ពីលោក Ten Hag យ៉ាងខ្លាំង ដោយទីផ្សារដោះដូរកន្លងមក ក្លិប Man Utd ក៏បានដាក់សំណើជូនដែរ ប៉ុន្តែត្រូវបានបដិសេធ ។
ប៉ុន្តែទោះជាយ៉ាងនេះក្តី Man Utd សង្ឃឹមថា អាចនឹងងាកមករក Christensen សារជាថ្មីនៅទីផ្សាររដូវក្តៅក្រោយ ជាពិសេសចំពេលមានការរំពឹងទុកខ្ពស់ថា Harry Maguire អាចនឹងដើរចេញពីក្លិប ក្រោយធ្លាក់ចេញពីចំណាប់អារម្មណ៍របស់លោក Ten Hag យ៉ាងខ្លាំង ៕