ថ្មីៗនេះ កីឡាករ Lionel Messi ចង់ឱ្យក្លិប Inter Miami បន្តព្យាយាមចុះហត្ថលេខាលើខ្សែបម្រើឆ្នើម Luka Modric របស់ Real Madrid មកចូលរួមជាមួយខ្លួន។ នេះបើយោងតាមអតីតខ្សែប្រយុទ្ធលោក Pedja Mijatovic បានលើកឡើង។
ជាក់ស្តែងក្លិប Inter Miami បានបញ្ចប់ការចុះហត្ថលេខាលើ Messi ក្នុងខែមិថុនា ហើយថែមទាំងបានបន្តនាំយក អតីតមិត្តរួមក្រុម Barcelona របស់គេ គឺកីឡាករ Sergio Busquets និង Jordi Alba មកកាន់ទឹកដីសហរដ្ឋអាមេរិក ផងដែរ។
យ៉ាងណាមិញ បើយោងតាម Sky Sports បានឱ្យដឹងថាក្លិប Inter Miami ចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើ Modric ដោយដឹងថាកីឡាករសញ្ជាតិក្រូអាត គ្រោងនឹងចាកចេញពី Real Madrid នៅរដូវក្តៅក្រោយ ប្រសិនបើគេមិនអាចបន្តកុងត្រាថ្មីទៀតទេនោះ។
ប្រភពដដែលនេះបានបង្ហាញទៀតថា Modric ហាក់ដូចជាមិនទាន់ចង់គិតអំពីអនាគតរបស់ខ្លួននៅឡើយនោះទេ ខណៈពេលដែលគេកំពុងផ្តោតទាំងស្រុង ដើម្បីប្រជែងតំណែងលេងនៅក្នុងក្រុម Real Madrid ក្រោមការដឹកនាំរបស់លោក Ancelotti ។
ប៉ុន្តែទោះបីជាយ៉ាងនេះក្តី Messi ត្រូវបានគេជឿថាចង់ឱ្យក្លិបថ្មីរបស់ខ្លួន ព្យាយាមបង្កើនការតាមប្រជែងយក Modric នៅពេលទីផ្សារដោះដូរកីឡាករបើកដំណើរការឡើងវិញ នៅរដូវក្តៅបន្ទាប់៕