ក្លិប Real Madrid ត្រូវបានគេរាយការណ៍មកថា មានឆន្ទៈក្នុងការលក់ David Alaba ក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាករនារដូវក្តៅឆ្នាំក្រោយ ប្រសិនបើពួកគេទទួលបានការផ្តល់ជូន ៧០លានអឺរ៉ូនោះ។
ជាក់ស្តែងកីឡាករសញ្ជាតិអូទ្រីសរូបនេះ បានមកដល់ទឹកដី Bernabeu ដោយគ្មានតម្លៃខ្លួន នៅក្នុងខែកក្កដា ឆ្នាំ ២០២១ បន្ទាប់ពីកុងត្រារបស់គេជាមួយក្លិបយក្សអាល្លឺម៉ង់ Bayern Munich អស់សពុលភាព។
យ៉ាងណាក៏ដោយ Alaba នៅតែសល់រយៈពេល ៣ ឆ្នាំទៀត ជាមួយក្លិបយក្សអេស្ប៉ាញ ប៉ុន្តែថ្មីៗនេះ ហាក់កំពុងមានការរំពឹងទុកជាច្រើន ជុំវិញអនាគតរបស់គេ ដោយសារតែក្លិបនៅអារ៉ាប៊ីសាអូឌីត បានបង្ហាញចំណាប់អារម្មណ៍ខ្លាំងលើរូបគេ។
ហើយបើយោងតាម Fichajes ថ្មីៗនេះ បានរាយការណ៍ថា ប្រធានក្លិប Real Madrid លោក Florentino Perez បានបង្ហាញថានឹងពិចារណាឱ្យ Alaba ចាកចេញ ប្រសិនបើមានក្លិបណា ព្រមដាក់សំណើតម្លៃខ្លួនក្នុងរង្វាន់ ៧០លានអឺរ៉ូ នោះ។
ប្រភពដដែលនេះ បានអះអាងទៀតថា ក្លិប Madrid ក៏ហាក់ត្រៀមខ្លួនរួចជាស្រេចផងដែរ ដោយកំពុងសម្លឹងឃើញកីឡាករ Antonio Silva របស់ Benfica ដើម្បីមកពង្រឹងតំបន់ការពារបន្ថែម ប្រសិនបើ Alaba ត្រូវចាកចេញនោះ៕