Arsenal មានក្ដីរំពឹងថា ពួកគេអាចនឹងបន្ដកិច្ចសន្យាថ្មីសម្រាប់ Ben White និង Takehiro Tomiyasu ដោយអ្នកចាត់ការ Mikel Arteta មានបំណងចង់ឱ្យក្រុមរបស់លោកអាចបន្ដលេងជុំគ្នាច្រើនឆ្នាំទៅមុខ។
ក្លិបកាំភ្លើងធំ បានចំណាយ៥០លានផោន ដើម្បីនាំយក White ពីក្លិប Brighton មកកាន់ទឹកដី Emirates ខណៈពួកគេក៏បានចំណាយ១៩.៥លានផោន ដើម្បីផ្ទេរ Tomiyasu ពីក្លិប Bologna។
កីឡាករទាំងពីររូប នៅសល់កិច្ចសន្យាជាមួយ Arsenal ច្រើនជាងមួយឆ្នាំ ដោយ កីឡាករជប៉ុនអាចលេងសម្រាប់ពួកគេជាមួយកុងត្រាបច្ចុប្បន្នរហូតដល់ឆ្នាំ២០២៥ ហើយ White មានកុងត្រាដល់ឆ្នាំ២០២៦។ ប៉ុន្ដែក្លិបចង់ឱ្យពួកគេរួមរស់ជាមួយក្លិប យ៉ាងហោចណាស់ត្រឹមឆ្នាំ២០២៧។
នៅពេលត្រូវបានអ្នកសារព័ត៌មាន សួរអំពីដំណើរការបន្ដកុងត្រារបស់ White & Tomiyasu អ្នកចាត់ការ Mikel Arteta បាននិយាយថា៖ “នោះជាអ្វីដែលពួកយើងកំពុងធ្វើនៅក្នុងរយៈពេល៣ឆ្នាំចុងក្រោយ។ ក្រៅពីការពង្រឹងក្រុម ក៏មានការផ្ដល់រង្វាន់(កុងត្រាថ្មី)ផងដែរ ហើយធ្វើឱ្យមានភាពនឹងនរបានខ្លះនៅក្នុងក្រុម។ ការសម្រេចចិត្តទាំងនោះ គឺពិតជាសំខាន់ណាស់”៕