ក្លិប Real Madrid ត្រូវបានគេរាយការណ៍មកថា បានកំណត់គោលដៅលើគ្រូបង្វឹករបស់ក្រុម Bayer Leverkusen លោក Xabi Alonso ជាអ្នកមកស្នងតំណែងរបស់លោក Carlo Ancelotti ។
ជាការពិតណាស់លោក Ancelotti បានដឹកនាំក្រុមយក្សអេស្ប៉ាញ ទទួលបានភាពជោគជ័យមិនគួរឲ្យជឿចាប់តាំងពីបានវិលត្រលប់មកកាន់ទឹកដី Bernabeu វិញ សម្រាប់អាជីពជាលើកទីពីររបស់ខ្លួន កាលពីរដូវក្តៅឆ្នាំ ២០២១ កន្លងទៅ។
តែទោះបីជាបានដឹកនាំ Madrid ឱ្យទទួលបានកិត្តិយសជាច្រើនក៏ដោយ ប៉ុន្តែអនាគតដ៏វែងឆ្ងាយរបស់លោក Ancelotti ជាមួយក្លិប គឺស្ថិតនៅក្នុងភាពមិនច្បាស់លាស់នៅឡើយ ជាមួយនឹងកិច្ចសន្យាបច្ចុប្បន្នរបស់គាត់នឹងផុតកំណត់នៅចុងបញ្ចប់នៃរដូវកាលនេះ ស្របពេលកំពុងមានទំនាក់ទំនងខ្លាំង ជាមួយនឹងការងារនៅក្នុងក្រុមជម្រើសជាតិប្រេស៊ីលផងដែរ។
ជាមួយនឹងការចាកចេញរបស់ Ancelotti ដែលអាចទៅរួចមួយនៅរដូវកាលក្រោយ ដូច្នេះហើយទើបយោងតាមការចុះផ្សាយពីកាសែត The Mirror កំពុងរាយការណ៍ថា Alonso កំពុងស្ថិតនៅក្នុងបញ្ជីគោលដៅកំពូល ដើម្បីមកជំនួសតំណែងរបស់បុរសសញ្ជាតិអ៊ីតាលីរូបនេះវិញ។
ប្រភពដដែលនេះ ក៏បានរាយការណ៍ទៀតផងដែរថា ទាំងក្លិប Liverpool និង Manchester City កំពុងសម្លឹងឃើញ Alonso ជាអ្នកស្នងតំណែងរយៈពេលវែងដ៏មានសក្តានុពលរបស់លោក Jurgen Klopp និង Pep Guardiola ផងដែរ ៕