កីឡាករឆ្នើម និងជាម្ចាស់មេដាយថ្នាក់ជាតិ ឆ្នាំ២០២៣ សារ៉ាយ សុខមុន្នី របស់ក្លឹបម៉ូតូទឹក ANGKOR JETSKI ត្រូវបានជ្រើសរើសឲ្យហ្វឹកហាត់នៅប្រទេសថៃ ជាមួយវិរកីឡាករ សាលី អ៊ូម៉ើត ត្រៀមការប្រកួតកម្រិតពិភពលោក។
លោក គីម សែ ប្រធានក្លឹប ANGKOR JETSKI បានឲ្យដឹងថា មានចិត្តសប្បាយរីករាយជាខ្លាំងដែលកីឡាករក្នុងក្លឹបគឺ សារ៉ាយ សុខមុន្នី ត្រូវបានជ្រើសរើសឲ្យទៅហ្វឹកហាត់នៅប្រទេសថៃដើម្បីត្រៀមការប្រកួតពិភពលោកនៅពេលខាងមុខ។

បច្ចុប្បន្ននេះកីឡាករខ្លួនបានទៅដល់ប្រទេសថៃហើយ ដោយដឹកនាំពីវីរកីឡាករ សាលី អ៊ូម៉ើត ដែលជាការទទួលបន្ទុកពីសហព័ន្ធ និងដៃគូសហការ។ ការស្នាក់នៅ និងហ្វឹកហាត់នេះគឺនៅក្លឹប FLAMINGO ក្នុងប្រទេសថៃ។ ការហ្វឹកហាត់នេះជាឱកាសល្អសម្រាប់ សារ៉ាយ សុខមុន្នី ក្នុងការស្វែងរកបទពិសោធថ្មី ពង្រឹងបច្ចេកទេស បំពេញបន្ថែមចំណុចខ្វះខាតកន្លងទៅ។
ការហ្វឹកហាត់នេះក៏ជាការត្រៀមសម្រាប់ការប្រកួតវគ្គផ្ដាច់ព្រ័ត្រពិភពលោកនៅថៃឆាប់ៗនេះមែន បើទោះទទួលបានលទ្ធផល ឬមិនល្អក្ដី តែវាជាការសន្សំបទពិសោធប្រកួតដ៏ល្អមួយដើម្បីឈានទៅដណ្ដើមមេដាយអន្តរជាតិនៅពេលខាងមុខៗទៀត។
ប្រធានក្លឹប ANGKOR JETSKI ថ្លែងអំណរគុណដល់វីរកីឡាករ សាលី អ៊ូម៉ើត សហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា និងក្លឹប FLAMINGO ដែលយកចិត្តទុកដាក់ចំពោះធនធានកីឡាករដែលមានសមត្ថភាព រួមចំណែកពង្រឹងសមត្ថភាពថ្នាលឲ្យមានឱកាសហ្វឹកហាត់ជាមួយអ្នកអាជីព ឬចេញក្រៅសន្សំបទពិសោធដូចនេះ។ នេះការអភិវឌ្ឍន៍មួយដល់ល្អសម្រាប់វិស័យកីឡាម៉ូតូទឹកនៅកម្ពុជា។ លោកជឿជាក់ថាកម្ពុជានឹងរឹតតែមានកេរ្តិ៍ឈ្មោះបោះសំឡេងបន្ថែមទៀតលើឆាកអន្តរជាតិជាមិនខាន។

បញ្ជាក់ដែរថា កីឡាករ សារ៉ាយ សុខមុន្នីរ ជាម្ចាស់មេដាយសំរឹទ្ធ ក្នុងព្រឹត្តិការណ៍ជើងឯកថ្នាក់ជាតិ និងបុណ្យសមុទ្រ ឆ្នាំ២០២៣ ដែលទើបបញ្ចប់ទៅនេះ។ កីឡាករវ័យក្មេងរូបនេះជាសមាជិកក្លឹបម៉ូតូទឹក ANGKOR JETSKI។ ការហ្វឹកហាត់របស់គេនៅប្រទេសថៃនេះលេងលើប្រភេទ Novice Runabout 1100 Stock៕