ក្លិប Barcelona ត្រូវបានគេរាយការណ៍មកថា មានឆន្ទ:ក្នុងការស្តាប់រាល់ការផ្ទាល់ជូនសំណើពីសំណាក់ក្លិបដទៃសម្រាប់កីឡាករ Raphinha នៅក្នុងទីផ្សារដោះដូរកីឡាករនាខែមករាខាងមុខ។
ជាក់ស្តែង ដោយបានចូលរួមជាមួយក្លិបយក្សកាតាឡាន់ នៅក្នុងតម្លៃខ្លួន ៥៥លានផោន ពីក្លិប Leeds United កាលពីរដូវក្តៅឆ្នាំ ២០២២ កន្លងទៅ រហូតមកទល់នឹងពេលនេះ Raphinha ហាក់ទទួលបានឱកាសតិចតួចប៉ុណ្ណោះ ក្នុងក្រុមដែលដឹកនាំដោយលោក Xavi នាពេលបច្ចុប្បន្ន។
បើទោះបីជាមានកុងត្រារហូតដល់ឆ្នាំ ២០២៧ ក៏ដោយ ប៉ុន្តបើតាមការចុះផ្សាយពី Sport បានបង្ហាញឲ្យដឹងថា Raphinha លែងចាត់ទុកក្នុងផែនការរបស់លោក Xavi ទៀតហើយ ដោយក្លិប Barca មានឆន្ទ:ក្នុងការទទួលយកសំណើ នៅដើមឆ្នាំក្រោយ។
ប្រភពដដែលនេះ បានបង្ហាញឲ្យដឹងទៀតថា ក្លិបនៅក្នុងក្របខ័ណ្ឌ Premier League មួយចំនួន ត្រូវបានគេជឿជាក់ថាកំពុងបង្ហាញចំណាប់អារម្មណ៍ខ្លាំង ក្នុងការនាំយក Raphinha ត្រលប់ទៅកាន់ប្រទេសអង់គ្លេសវិញ ៕