កីឡាករសញ្ជាតិនីហ្សេរីយ៉ា Victor Osimhen បានសម្រេចចិត្តចុះកិច្ចសន្យាថ្មីជាមួយ Napoli ដែលនឹងធ្វើឲ្យរូបគេស្នាក់នៅក្លិបរហូតដល់ឆ្នាំ ២០២៦ ទោះបីជាមានការចាប់អារម្មណ៍ពីសំណាក់ក្លិប Chelsea ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះក៏ដោយ។
ជាក់ស្តែង ប្រធានក្លិប Napoli លោក Aurelio de Laurentiis បានបញ្ជាក់ពីការចុះហត្ថលេខាលើកុងត្រាថ្មីរបស់ Osimhen ក្នុងពេលថ្មីៗនេះ បន្ទាប់ពីកីឡាកររូបនេះ បានក្លាយជាផ្នែកដ៏សំខាន់បំផុតមួយសម្រាប់ក្រុមអ៊ីតាលី ។
មិនតែប៉ុណ្ណោះ យោងតាមរបាយការណ៍ពី 90min បានអះអាងទៀតថា កិច្ចសន្យាថ្មីរបស់ Osimhen ត្រូវបានកំណត់ថានឹងដំណើរការរហូតដល់ឆ្នាំ ២០២៦ ដោយនឹងបូកបញ្ចូលជាមួយនឹងតម្លៃផ្តាច់កុងត្រាក្នុងចំនួនប្រមាន ១០៤ លានផោន។
គួរឲ្យដឹងថា Osimhen បានចុះហត្ថលេខាជាមួយ Napoli ពីក្រុម Lille ក្នុងឆ្នាំ ២០២០ ក្នុងតម្លៃប្រហែល ៦៥លានផោន ដោយរហូតមកដល់ពេលនេះ គេបានអភិវឌ្ឍខ្លួនទៅជាខ្សែប្រយុទ្ធឆ្នើមម្នាក់ក្នុងពិភពបាល់ទាត់។
ជម្រាបជូនផងដែរថា Osimhen បានស្ថិតនៅលើរ៉ាដារបស់ Chelsea ជាយូរមកហើយ ខណ:វាត្រូវបានគេជឿថាក្លិបអង់គ្លេស កំពុងរៀបចំសំណើធំមួយដើម្បីនាំយកខ្សែប្រយុទ្ធរូបនេះ មកកាន់ក្របខ័ណ្ឌ Premier League ក្នុងទីផ្សារដោះដូរកីឡាករនាពេលខាងមុខ៕