ក្លិប Barcelona ត្រូវបានគេរាយការណ៍មកថា បានបើកកិច្ចពិភាក្សាជាមួយអតីតគ្រូបង្វឹករបស់ក្រុមជម្រើសជាតិអាល្លឺម៉ង់ លោក Hansi Flick ជុំវិញតំណែងអ្នកចាត់ការក្រុមនៅទឹកដី Camp Nou។
ជាការពិតណាស់ នៅចុងបញ្ចប់នៃរដូវកាលនេះ ក្រុមម្ចាស់ជើងឯក La Liga នឹងត្រូវចែកផ្លូវគ្នាជាមួយគ្រូបង្វឹកបច្ចុប្បន្ន លោកXavi ដែលបានប្រកាសលាលែងពីតំណែង នៅក្នុងអំឡុងសន្និសីទសារព័ត៌មានមួយ បន្ទាប់ពីការចាញ់ ៥–៣ ក្រោមថ្វីជើងក្រុម Villarreal កាលពីខែមករា។
ហើយឥឡូវនេះ យោងតាមអ្នកកាសែត Florian Plettenberg បានបង្ហាញថា ក្លិប Barcelona បានចាប់ផ្តើមធ្វើការពិភាក្សាជាមួយបុរសសញ្ជាតិជនជាតិអាល្លឺម៉ង់ ដែលជាបេក្ខភាពសំខាន់ម្នាក់របស់ពួកគេ ដើម្បីស្នងតំណែង Xavi សម្រាប់រដូវកាលក្រោយនេះ។
ប្រភពដដែលនេះ បានអះអាងទៀតថា លោក Flick ត្រូវបានគេយល់ថាបើកចំហក្នុងការចូលមកកាន់តំណែងនៅក្លិបយក្សកាតាឡាន់ ខណ:ប្រធានក្លិប Barca លោក Laporta គឺជាអ្នកគាំទ្រពេញទំហឹងមួយរបស់លោក ជាយូរណាស់មកហើយ ពោលគឺមុនពេលលោក Xavi ចូលមកដឹកនាំក្រុមទៅទៀត៕