ឯកឧត្ដមបណ្ឌិត ថោង ខុន លើកទឹកចិត្តដល់ក្រុមកីឡាករ កីឡាការិនីបាល់ទាត់លើតុកម្ពុជា បន្តប្រឹងប្រែងហ្វឹកហាត់ដើម្បីបង្ហាញសក្ដានុពលរបស់ខ្លួនក្នុងតំបន់ និងពិភពលោក។
ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ឯកឧត្ដមបណ្ឌិត ថោង ខុន បានធ្វើការកោតសរសើរចំពោះភាពរីកចម្រើន និងការខំប្រឹងប្រែងរបស់ក្រុមកីឡាបាល់ទាត់លើតុកម្ពុជាដែលបានពង្រីកសកម្មភាព និងធ្វើការអភិវឌ្ឍន៍កីឡាមួយនេះកន្លងទៅ។

ទេសរដ្ឋមន្ត្រីបន្ថែមទៀតថា ដោយមើលឃើញពីភាពរីកចម្រើនលឿនលើពិភពលោកអំពីកីឡាបាល់ទាត់លើតុនេះគឺជឿជាក់ថាមិនយូរទេប្រភេទកីឡាមួយនេះនឹងត្រូវបានទទួលស្គាល់ពីអូឡាំពិកជាមិនខាន។ ជាមួយគ្នានេះដែរឯកឧត្ដមលើកទឹកចិត្តដល់ក្រុមកម្ពុជាត្រូវបន្តខំប្រឹងប្រែងហ្វឹកហាត់ ពង្រឹងសមត្ថភាពដើម្បីបង្ហាញពីសក្ដានុពលទាំងនៅក្នុងតំបន់ និងលើពិភពលោក។

បញ្ជាក់ដែរថា កីឡាបាល់ទាត់លើតុជាប្រភេទកីឡាថ្មី និងទើបតែចូលមកកម្ពុជាអំឡុងឆ្នាំ២០២១ ប៉ុណ្ណោះ។ បន្ទាប់ពីមានការទទួលស្គាល់ជាផ្លូវការពីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្រសួងអប់រំ កីឡាបាល់ទាត់លើតុនេះត្រូវបានដាក់ឲ្យប្រកួតបង្ហាញនៅស៊ីហ្គេម ឆ្នាំ២០២៣ កម្ពុជាជាម្ចាស់ផ្ទះផងដែរ។ ដោយឡែករយៈពេល២ថ្ងៃកន្លងទៅនេះសហព័ន្ធបានធ្វើការប្រកួតជើងឯកថ្នាក់ជាតិ លើកទី១ របស់ខ្លួននៅថ្ងៃទី២៦ ដល់ ២៧ ខែធ្នូ ២០២៣ ក្នុងមជ្ឈមណ្ឌលហ្វឹកហ្វឺនកីឡាក្នុងពហុកីឡដ្ឋានជាតិ។ ពិធីបិទការប្រកួតម្សិលមិញនេះដែរមានការអញ្ជើញចូលរួមពីឯកឧត្ដម ថោង ខុន ប្រធាន NOCC និងឯកឧត្ដម វ៉ាត់ ចំរើន និងមន្ត្រី ថ្នាក់ដឹកនាំជាច្រើនរូបទៀត៕