Zheng Haohao ដែលមានអាយុត្រឹម ១១ឆ្នាំ និង១១ខែ នឹងប្រារព្ធខួបកំណើតគម្រប់១២ឆ្នាំរបស់នាងនៅថ្ងៃបិទព្រឹត្តិការណកីឡាអូឡាំពិក ក្រុងប៉ារីស នៅថ្ងៃទី១១ ខែសីហា ឆ្នាំ ២០២៤។ យោងតាមគេហទំព័រ Paris Olympics កំណត់ត្រាសម្រាប់អត្តពលិកអូឡាំពិកក្មេងជាងគេគឺកីឡាករកាយសម្ព័ន្ធជនជាតិក្រិក Dimitrios Loundras ដែលបានចូលរួមអូឡាំពិករដូវក្តៅសម័យទំនើបដំបូងគេក្នុងឆ្នាំ ១៨៩៦ នៅអាយុ ១០ឆ្នាំ និង ២១៨ ថ្ងៃ។

កីឡាការិនីជិះស្គី (Skateboard) ជនជាតិចិន Zheng ទើបតែបានបញ្ចប់ថ្នាក់បឋមសិក្សានៅ Huizhou ខេត្ត Guangdong កាលពីដើមខែកក្កដានេះ។ Zheng ដែលបានចាប់ផ្តើមជិះស្គីលេងសប្បាយៗនៅអាយុ ៧ឆ្នាំ ទទួលបានកៅអីអូឡាំពិក តាមរយៈប្រកួតជម្រុះនៅទីក្រុង Budapest ប្រទេសហុងគ្រី និងក្រុងសៀងហៃ។
Paris 2024 ជាព្រឹត្តិការណ៍អូឡាំពិករដូវក្តៅលើកទី២ ដែលបានដាក់បញ្ចូលប្រភេទកីឡាជិះស្គីនេះ បន្ទាប់ពីអូឡាំពិកក្រុងតូក្យូឆ្នាំ២០២០ ដែលបានលើកពេលធ្វើនៅឆ្នាំ២០២១។ ប្រភេទស្គីលើក្តាបន្ទះនេះ ជាកីឡាដែលមានអត្តពលិកវ័យក្មេងច្រើនជាងគេចូលរួមប្រកួតប្រជែងដណ្តើមមេដាយ។

ដោយឡែក អត្តពលិកវ័យចំណាស់ជាងគេគឺកីឡាការិនីជិះសេះ Jill Irving ដែលមានអាយុលើស Zheng Haohao ដល់ទៅ៥០ឆ្នាំ។ នេះជាការបង្ហាញខ្លួនលើកដំបូងក្នុងកីឡាអូឡាំពិក របស់អត្តពលិកជិះសេះកាណាដា វ័យ៦១ឆ្នាំផងដែរ។ អ្នកស្រី Irving ដែលចាប់ផ្តើមកីឡាជិះសេះតាំងពីវ័យក្មេង ចាត់ទុកនេះជាសុបិនក្លាយជាការពិតក្រោយរង់ចាំ ៥ទសវត្សរ៍។ ក្នុងកីឡាជិះសេះនេះ អ្នកស្រីបានជួយក្រុមកាណាដាឈ្នះមេដាយមាសក្នុងព្រឹត្តិការណ៍ Pan American Games កាលពីឆ្នាំ ២០១៩។
តាមពិតទៅកីឡាការិនីជិះសេះម្នាក់ទៀតរបស់អូស្ត្រាលី Mary Hanna មានអាយុ ៦៩ឆ្នាំ ចាស់ជាង Jill Irving ប៉ុន្តែអ្នកស្រី Hanna មានតែនៅក្នុងបញ្ជីបម្រុងប៉ុណ្ណោះ។ លុះត្រាសមាជិកម្នាក់ទៀតរបស់ក្រុមជិះសេះអូស្ត្រាលីរងរបួស ឬឈឺ ទើបអ្នកស្រី Hanna អាចបង្ហាញខ្លួនប្រកួតបាន។
សម្រាប់អត្តពលិកកាន់កំណត់ត្រាវ័យចាស់ជាងគេនៅអូឡាំពិក នៅតែគ្រប់គ្រប់ដោយកីឡាករបាញ់កាំភ្លើងជនជាតិស៊ុយអែត Oscar Swahn ដែលបានចូលរួមប្រកួតកីឡាអូឡាំពិកឆ្នាំ ១៩២០ ក្នុងក្រុង Antwerp ប្រទេសបែលហ្ស៊ី នៅអាយុ ៧២ឆ្នាំ៕