កាលពីរសៀលថ្ងៃទី២០ ខែកក្កដា ម្សិលមិញនេះអង្គការបាល់ទាត់រីករាយកម្ពុជា អូស្រ្តាលី ឬហៅថា HFCA បានចុះកិច្ចសហការភាពជាដៃគូជាមួយអង្គការ CJ Coaching គោលបំណងជួយពង្រឹងសមត្ថភាពគ្រូបង្វឹក កីឡាករ កីឡាការិនី ឲ្យរឹតតែល្អជាងមុនលើវិស័យបាល់ទាត់។
លោក Paraic Grogan ស្ថាបនិកអង្គការ HFCA បានឲ្យដឹងថា កិច្ចសហការភាពជាដៃគូជាមួយ CJ Coaching គឺមានរយៈពេល២ឆ្នាំលើការជួយបណ្ដុះបណ្ដាលជំនាញបច្ចេកទេសដល់គ្រូបង្វឹកបាល់ទាត់របស់ HFCA។ កត្តាដែលអង្គការរបស់លោកសម្រេចសហការជាមួយអង្គការ CJ Coaching គឺដោយសារតែអង្គការមួយនេះសំបូរធនធានល្អៗពិសេសគ្រូបង្វឹកដែលមានបទពិសោធខ្ពស់ជាច្រើនមកពីអឺរ៉ុបជាដើម។ស្ថាបនិកអង្គការ HFCA ខាងលើនេះជឿជាក់ថា ការសហការជាមួយ CJ Coaching នឹងជួយបានច្រើនដល់ HFCA ក្នុងការបង្ហាត់បង្រៀនដល់គ្រូៗទាំងនៅភ្នំពេញក៏ដូចជាសៀមរាបឲ្យរឹតតែមានគុណភាពខ្ពស់ និងច្រើនដល់កីឡាករ កីឡាការិនី យុវជន និងកុមារា កុមារី ផងដែរ។

លោក Jay Wood ប្រធានផ្នែកប្រតិបត្តិការ CJ Coaching ក៏បានឲ្យដឹងដែរថា លោកនឹងប្ដេជ្ញាចិត្តនាំយកគ្រូបង្វឹកដែលមានសមត្ថភាពពិសេសមកពីប៉ែកអឺរ៉ុបដូចជាអង្គគ្លេស និងអេកឡង់ដើម្បីជួយបង្វឹកគ្រូៗបាល់ទាត់នៅកម្ពុជាឆ្ពោះទៅកាន់តែល្អប្រសើរ និងភាពជាអាជីព។ លោកបន្ថែមទៀតថា អង្គការ HFCA គឺធ្វើការបានល្អមែនទែនពិសេសវិស័យបាល់ទាត់ជាមួយក្រុមកុមារកម្ពុជាកន្លងទៅ ហេតុនេះហើយទើបលោកក៏ដូចជា CJ Coaching ចង់រួមចំណែកក្នុងការកសាងធនធានបាល់ទាត់នេះឲ្យរឹតតែសំបូរបន្ថែមទៀត។

បញ្ជាក់ដែរថា HFCA ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៥ ជាអង្គការមិនមែនរដ្ឋាភិបាលមួយក្នុងគោលបំណងផ្ដល់កម្លាំងចិត្តដល់យុវជនក្រីក្រក្នុងប្រទេសកម្ពុជាតាមរយៈកីឡាបាល់ទាត់។ HFCA ធានាលទ្ធភាពដល់យុវជនក្រីក្រទទួលបានការហ្វឹកហាត់ដែលមានគុណភាពខ្ពស់ ការកសាងក្រុម និងឱកាសក្នុងការប្រមូលផ្តុំ។ នេះជាការគាំទ្រចំពោះសុខុមាលភាព សុខភាពផ្លូវចិត្ត ការជឿជាក់លើខ្លួនឯង និងមាគ៌ាដ៏សំខាន់ឆ្ពោះទៅរកឱកាសបន្ថែមទៀតដោយអភិវឌ្ឍជំនាញទន់ដើម្បីទទួលបានភាពជោគជ័យក្នុងការអប់រំ និងអាជីពការងារ៕