Sunday, June 22, 2025
[the_ad_group id="102"]

កម្ពុជានឹងបើកទ្វារកីឡដ្ឋានជាតិអូឡាំពិកទទួលប៉ាគីស្ថាន ក្នុងការប្រកួតជុំទី១វគ្គជម្រុះ World Cup

យោងតាមលទ្ធផលនៃការចាប់ឆ្នោតនារសៀលថ្ងៃព្រហស្បតិ៍ ទី២៧ ខែកក្កដា ឆ្នាំ២០២៣នេះ បានបង្ហាញថា ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងត្រូវប៉ះក្រុមជម្រើសជាតិប៉ាគីស្ថាន នៅក្នុងការប្រកួតជុំទីមួយ វគ្គជម្រុះបាល់ទាត់ពិភពលោក FIFA World Cup 2026។

ការប្រកួតនេះ នឹងត្រូវលេងចំនួន ២ជើង ដែលជើងទីមួយ ត្រូវរៀបចំនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ។ សម្រាប់ជើងទីពីរ ក្រុមប៉ាគីស្ថាន នឹងស្វាគមន៍ក្រុមកម្ពុជាវិញ នៅថ្ងៃទី១៧ ខែតុលា នៅកីឡដ្ឋានក្នុងទឹកដីរបស់ពួកគេ។

គួរជម្រាបថា ក្រុមទាំងពីរធ្លាប់ជួបគ្នានៅវគ្គនេះ កាលពីឆ្នាំ២០១៩ ដែលគ្រានោះ កម្ពុជាដែលដឹកនាំដោយលោកគ្រូបង្វឹក Felix Dalmas បានយកឈ្នះប៉ាគីស្ថានដោយលទ្ធផលសរុបទាំងពីរជើង ៤–១ (ជើងទីមួយ ២–០)។ សម្រាប់ការជួបគ្នាលើកនេះ វាមិនមែនជារឿងថ្មីទេសម្រាប់លោក Felix Dalmas ដែលត្រូវបានតែងតាំងជាអ្នកចាត់ការទូទៅថ្មីស្នងតំណែងរបស់លោក Keisuke Honda កាលពីខែមេសាកន្លងទៅ។

ទោះជាយ៉ាងណា ក្រោយការវិលត្រឡប់របស់លោក Felix ក្រុមជម្រើសជាតិកម្ពុជាបានជួបជាមួយក្រុមជម្រើសជាតិបង់ក្លាដេស កាលពីខែមិថុនាថ្មីៗនេះ ដោយកម្ពុជាទទួលលទ្ធផលបរាជ័យ ១–០ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។ ដូច្នេះការប្រកួតនាខែតុលាខាងមុខនេះ នឹងក្លាយជាការប្រកួតផ្លូវការសម្រាប់គ្រូសញ្ជាតិអាហ្សង់ទីនរូបនេះ។

ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2026 នឹងត្រូវរៀបចំឡើងនៅ៣ប្រទេស ពោលគឺ សហរដ្ឋអាមេរិក ម៉ិកស៊ិក និងកាណាដា ចាប់ពីថ្ងៃទី១១ ខែមិថុនា ដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]