មួយរយៈចុងក្រោយ ដំណឹងនៃការចាកចេញរបស់កីឡាករព័រទុយហ្គាល់ Jota ហាក់មានភាគរយខ្ពស់ ដ្បិតអីខណៈនេះមិនទាន់ចុះឈ្មោះនៅក្លឹប Al-Ittihad ផង បើទោះបីជោគជ័យការផ្ទេរនារដូវក្តៅ។ ឥឡូវមានដំណឹងចែកផ្លូវសម្រាប់កីឡាករវ័យ ២៤ ឆ្នាំ ទាំងមិនទាន់ឈរជើងលើទីលានសូម្បីមួយប្រកួត។
បន្ទាប់ដើរចេញពី Celtic ដែលជារដូវកាលជោគជ័យគួរសមឆ្នាំទៅរកបាន ១៥ គ្រាប់នោះ ក៏អ្នកចាត់ការលោក Nuno Espirito Santo ហាក់មិនស្ទាក់ស្ទើរក្នុងការយក Jota មកចូលរួម តែមិនច្បាស់បញ្ហាអ្វី បានជាមិនអនុញ្ញាតឲ្យគេអាចចូលរួមលើទីលានប្រកួតដូចកីឡាករឯទៀត។
បើតាមសារព័ត៌មាន 90min ចុះផ្សាយ ប្រសិនណាជា Jota ឈានដល់ការចែកផ្លូវក្នុងលក្ខខណ្ឌឥតតម្លៃផ្ទេរពេលខាងមុខ ម្ល៉េះក៏នឹងមានក្លឹបអង់គ្លេសចាប់អារម្មណ៍ចង់ក្រសោបយក ដូចមាន់ខ្នាយមាស Tottenham Hotspur ជាក្លឹបកំពុងដាក់គោលដៅមកលើកីឡាករវ័យ ២៤ ឆ្នាំជាពន់ពេក។
ក្រោមការដឹកនាំរបស់អ្នកចាត់ការលោក Ange Postecoglou ដែលធ្លាប់សហការជាមួយ Jota នៅ Celtic នាមគ្រូសិស្ស ជឿជាក់លើគុណភាពកីឡាករលេងតំណែងប្រយុទ្ធពិតជាមាន អាចមកបង្កើតសមិទ្ធផលជួយក្លឹបបច្ចុប្បន្នរបស់ខ្លួនបាន។ គ្រប់យ៉ាងនឹងរង់ចាំមើល ដោយតាមការជឿជាក់ ទំនងអាចសម្រេចចម្លើយច្បាស់ការនាខែមករា ឆ្នាំ ២០២៤ ខាងមុខនេះហើយ៕