ដ្បិតបើសព្វថ្ងៃកំពុងសកម្មប្រើប្រាស់កីឡាករលើទីលាន តែងាកទៅខាងក្រោយ ក្លឹប Barcelona មិនទាន់ទូទាត់ដាច់ស្រេចអស់ទេ ជូនភាគីក្លឹបអាណាព្យាបាលចាស់ ពាក់ព័ន្ធការផ្ទេរចូល Raphinha, Robert Lewandowski និង Ferran Torres។ និយាយឲ្យងាយយល់ វាប្រៀបដូចជាការបង់រំលួស មិនបានហៅថាទិញផ្តាច់។
យើងសារទៅស្ថានភាពកាលពីរដូវក្តៅ ក្លឹបក៏យកបានអ្នកផ្សេងឯទៀត បន្ថែមពីលើអ្នកទាំង ៣ ទោះមានដំណឹងថាបញ្ហាហិរញ្ញវត្ថុនៅបន្តជារឿងប្រឈម ឥតទាន់អាចដោះស្រាយរួចរាល់ ១០០ ភាគរយ។ ដូចករណី Joao Felix ដូច Joao Cancelo ខ្ចីជើងពី Man City និង Atletico Madrid ខណៈ Ilkay Gundogan និង Inigo Martinez យកមកនៅលក្ខខណ្ឌឥតតម្លៃខ្លួន។
បើតាមសារព័ត៌មាន Goal ចុះផ្សាយ ក្លឹបយក្សនៅតំបន់កាតាឡូញ៉ា បាននៅជំពាក់ក្លឹប Leeds United, Bayern Munich និង Manchester City សរុបចូល ២០០ លានអឺរ៉ូឯណោះ។ កត្តានៃបញ្ហាអស់នេះដែរ ក៏ជាហេតុផលមួយ ដែលនាំឲ្យអ្នកមានបុណ្យពិបាកនឹងជ្រៀតទៅបន្ថែមការចរចាយកអតីតតារាឆ្នើម Lionel Messi ត្រលប់មកវិញ។
បើតាមការបញ្ជាក់ពីប្រធានក្លឹប លោក Joan Laporta ត្រឹមសង្កត់ធ្ងន់យ៉ាងខ្លីថា បញ្ហាទាំងអស់រំពឹងនឹងអាចដោះស្រាយបានឆាប់ៗ ពោលទំនងលឿនជាការរំពឹងទុក។ តែគ្រប់យ៉ាងវាស៊ីសងលើទម្រង់លេង លើសមិទ្ធផលសម្រេចបានលើទីលានប្រកួតមួយផ្នែកដែរ៕