លោក Antonio Conte បានឆ្លងកាត់ការដឹកនាំក្លិបចំនួន៨ និងជម្រើសជាតិរបស់ខ្លួនរួចមកហើយ ប៉ុន្តែថ្មីៗនេះ លោកបានដាក់ឈ្មោះ Napoli និង Roma ថាជាក្លិបដែលគាត់ចង់មានឱកាសទៅដឹកនាំបំផុត នាពេលអនាគត។
ជាក់ស្តែងបុរសវ័យ ៥៤ឆ្នាំរូបនេះ បានចាកចេញពី Tottenham កាលពីខែមីនាឆ្នាំនេះ បន្ទាប់មានភាពចម្រូងចម្រាសជាច្រើន នៅក្នុងផ្ទៃក្នុងរបស់ក្លិប ហើយរហូតមកដល់ពេលនេះ លោកនៅតែមិនទាន់ទទួលបានបានការងារថ្មីនៅឡើយទេ។
យ៉ាងណាមិញ ដោយបានឈ្នះពានរង្វាន់ជាមួយក្លិបធំៗជាច្រើន ដូចជា Juventus, Chelsea និង Inter Milan តែលោក Conte ហាក់មានអារម្មណ៍ថាអាជីពរបស់ខ្លួន អាចឈានដល់កម្រិតកំពូលនៅឡើយនោះទេ ដោយលោកកំពុងសម្លឹងឃើញឱកាសការងារនៅ Napoli និង Roma ដោយសារតែមានការចាប់អារម្មណ៍ទៅលើអ្នកគាំទ្ររបស់ក្លិបទាំងនោះ។
លើសពីនេះ លោក Conte បាននិយាយថា ៖ ” ពិតណាស់ Napoli និង Roma គឺជាកន្លែងពីរ ដែលខ្ញុំចង់មានបទពិសោធទៅដឹកនាំបំផុត។ខ្ញុំសង្ឃឹមថាថ្ងៃណាមួយនឹងមានលទ្ធភាពទទួលបានបទពិសោធនេះ។ ប៉ុន្តែខ្ញុំនឹងមិនចូលរួមក្នុងក្រុមណាមួយ នៅពាក់កណ្តាលរដូវកាលនេះទេ ព្រោះទាំងនោះជាស្ថានភាពលំបាកមួយ ដែលក្រុមទាំងនោះចាំបាច់ត្រូវរៀបចំសារឡើងវិញទាំងស្រុង ប្រសិនបើអ្នកទៅដឹកនាំពេលនេះនោះ ” ៕