ថ្មីៗនេះ លោក Pep Guardiola បានដាក់ឈ្មោះកីឡាករ Bernardo Silva ថាជាកីឡាករដ៏ល្អបំផុតម្នាក់ ដែលលោធ្លាប់បានឃើញ បន្ទាប់ពីតារាសញ្ជាតិព័រទុយហ្គាល់រូបនេះ បានរួមចំណែកយ៉ាងធំធេងជួយ Manchester City យកឈ្នះដោយលទ្ធផល ៣– ០ ទៅលើក្រុម Manchester United ។
ជាការពិតណាស់ Bernardo បានក្លាយជាកីឡាករដ៏សំខាន់នៅក្នុងក្រុមរបស់លោក Guardiola ចាប់តាំងពីគេបានមកដល់ Man City ក្នុងឆ្នាំ ២០១៧ ហើយរហូតមកដល់ពេលនេះ គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញ នៅតែបន្តលើកសរសើរពីសមត្ថភាពរបស់កីឡាករវ័យ ២៧ ឆ្នាំមិនដាច់ពីមាត់។
លោក Guardiola បានប្រាប់ទូរទស្សន៍ Sky Sports ថា ៖ “គាត់មិនមានស្នាមសាក់ ឬឡានល្អទេ គាត់គឺជាកីឡាករដែលមិនគួរឱ្យជឿសម្រាប់ពួកយើង។គាត់ជាកីឡាករមានភាពវៃឆ្លាតខ្លាំងណាស់ មនុស្សគ្រប់គ្នាស្រលាញ់គាត់ ហើយវាគឺជាការបង្ហាញគុណផលលេងដ៏ពិសេសមួយផ្សេងទៀត។ គាត់គឺជាកីឡាករដ៏ល្អបំផុតម្នាក់ ដែលខ្ញុំធ្លាប់ឃើញក្នុងជីវិតរបស់ខ្ញុំ។ ខ្ញុំបានបង្ហាត់កីឡាករជាច្រើន ហើយគាត់ជាកីឡាករល្អបំផុតម្នាក់“៕