ការស្វែងរកទ្រង់ទ្រាយធំដែលមានការចូលរួមពីយោធា និងប៉ូលីស កំពុងដំណើរការនៅក្នុងប្រទេសកូឡុំប៊ី ដើម្បីស្វែងរកឪពុករបស់កីឡាករ Luis Diaz ដោយអាជ្ញាធរ បានប្រកាសផ្តល់រង្វាន់ ជិត៥ម៉ឺនដុល្លារអាមេរិក សម្រាប់ព័ត៌មានដែលអាចនាំទៅដល់ការជួយសង្គ្រោះឪពុករបស់ខ្សែប្រយុទ្ធ Liverpool រូបនេះ។
ទាហាននិងប៉ូលិស ជាង ១២០នាក់ បានស្វែងរកនៅភាគខាងជើងប្រទេសកូឡុំប៊ី ដើម្បីស្វែងរកលោក Luis Manuel Diaz កាលពីថ្ងៃអាទិត្យ ចំពេលមានសេចក្តីរាយការណ៍ថា ក្រុមប្រដាប់អាវុធបានចាប់ជំរិតគាត់ និងប្រពន្ធរបស់គាត់។ ប៉ុន្តែអ្នកស្រី Cilenis Marulanda ដែលត្រូវជាម្ដាយរបស់ Diaz ត្រូវបានរកឃើញនៅតំបន់ Barrancas កាលពីថ្ងៃសៅរ៍។ កងទ័ពបាននិយាយថា ពួកគេបានបិទផ្លូវ និងដាក់ពង្រាយរថយន្តយោធា ដ្រូន ឧទ្ធម្ភាគចក្រ និងយន្តហោះដែលមានរ៉ាដា ក្នុងការស្វែងរកឪពុករបស់ Diaz ។
អាជ្ញាធរកូឡុំប៊ី មិនបានផ្តល់ព័ត៌មានលម្អិតអំពីការចាប់ជំរិតនោះទេ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបាននិយាយថា ម្តាយ និងឪពុករបស់ Diaz ត្រូវបានក្រុមប្រដាប់អាវុធចាប់ឡើងលើម៉ូតូនៅស្ថានីយប្រេងឥន្ធនៈមួយក្នុងទីក្រុង Barrancas ដែលជាទីក្រុងកំណើតរបស់ពួកគេ ដែលស្ថិតនៅក្នុងតំបន់ La Guajira ដែលនៅភាគខាងជើងប្រទេសកូឡុំប៊ី។
ប្រធាន FIFA លោក Gianni Infantino បានសរសេរនៅលើ Instagram ថា៖ “តាងនាមឱ្យ FIFA និងសហគមន៍បាល់ទាត់ពិភពលោក ខ្ញុំសូមបង្ហាញការគាំទ្រ និងការអធិស្ឋានរបស់យើងទៅកាន់ Luis Diaz ក្រុមគ្រួសាររបស់គាត់ និងមិត្តភក្តិរបស់គាត់ក្នុងគ្រាដ៏លំបាកនេះ” ។
សហព័ន្ធកីឡាបាល់ទាត់កូឡុំប៊ី (FCF) បានចេញសេចក្តីថ្លែងការណ៍មួយនៅលើ X ដែលពីមុនត្រូវបានគេស្គាល់ថាជា Twitter ដើម្បីទាមទារឱ្យមានការដោះលែងឪពុករបស់ Diazដោយគ្មានលក្ខខណ្ឌ។
ប្រធានាធិបតីកូឡុំប៊ី Gustavo Petro បានមានប្រសាសន៍ថា កងកម្លាំងទាំងអស់ត្រូវបានដាក់ពង្រាយដើម្បីស្វែងរកឪពុករបស់ Diaz ។ សេចក្ដីរាយការណ៍បានបន្តថា ឪពុករបស់ Diaz អាចស្ថិតនៅក្នុងប្រទេសវេណេហ្ស៊ុយអេឡា ដែលជាស្ថានភាពមួយតម្រូវឱ្យមានការអន្តរាគមន៍ពីប្រធានាធិបតី Petro ។
អ្នកចាត់ការក្រុម Liverpool លោក Jurgen Klopp បានឧទ្ទិសជ័យជម្នះ ៣-០ លើក្រុម Forest នៅ Premier League កាលពីថ្ងៃអាទិត្យសម្រាប់ Diaz ។ មិត្តរួមក្រុមរបស់គាត់ រួមទាំង Diogo Jota បានលើកអាវលេខ ៧ របស់ Diaz បន្ទាប់ពីស៊ុតបញ្ចូលទីគ្រាប់ដំបូងរបស់ Liverpool ៕