នាយកប្រតិបត្តិរបស់ក្លិប Bayern Munich លោក Jan-Christian Dressen ថ្មីៗនេះបានទទួលស្គាល់ថាក្លិបរបស់លោក នឹងធ្វើអ្វីៗគ្រប់យ៉ាង ដែលអាចធ្វើទៅបាន ដើម្បីបន្តកិច្ចសន្យាដល់ Jamal Musiala បន្ថែមទៀត។
ជាក់ស្តែងចាប់តាំងពីត្រូវបានផ្តល់ឱកាសឱ្យចូលលេងនៅក្នុងឈុតធំនៅទឹកដី Allianz Arena មក Musiala បានរីកចម្រើនយ៉ាងខ្លាំង ហើយថែមទាំងបានក្លាយជាផ្នែកដ៏សំខាន់បំផុតមិនអាចខ្វះបានសម្រាប់ក្រុមថែមទៀតផង។
ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ បើទោះបីជាមានកុងត្រាដល់ឆ្នាំ ២០២៦ ក៏ដោយ តែស្ថានភាពអនាគតរបស់ Musiala ហាក់មានភាពមិនច្បាស់លាស់ឡើយ ដោយកាលពីដើមខែនេះ ទាំង Manchester City, Liverpool និង Real Madrid សុទ្ធសឹងតែបានបង្ហាញចំណាប់អារម្មណ៍លើគេខ្លាំង។
ជុំវិញស្ថានភាពនេះ លោក Dressen បានសារភាពថា Bayern មានគម្រោង និងព្យាយាមធ្វើយ៉ាងណា ដើម្បីរក្សាកីឡាករសញ្ជាតិអាឡឺម៉ង់ ឱ្យស្នាក់នៅក្នុងក្រុមឱ្យបានយូរតាមដែលអាចធ្វើបាន។
មិនតែប៉ុណ្ណោះដោយនិយាយទៅកាន់ BR24 លោក Dressen បាននិយាយថា ៖ “ខ្ញុំពិតជាចង់រក្សាគាត់ឱ្យនៅក្លិបអស់មួយជីវិត។ Jamal គឺជាកីឡាករបាល់ទាត់កំពូលម្នាក់រួចទៅហើយ។ យើងនឹងធ្វើបានល្អ ដើម្បីរក្សាគាត់ឱ្យនៅជាមួយយើងឱ្យបានយូរតាមដែលអាចធ្វើទៅបាន នោះគឺជាផែនការរបស់យើង” ៕