ទាំងខ្សែការពារ Marcos Alonso និង Sergi Roberto ត្រូវបានគេរាយការណ៍មកថា នឹងមិនទទួលបានការផ្តល់ជូនកុងត្រាថ្មីបន្ថែម ពីសំណាក់ក្លិប Barcelona នោះឡើយ នៅពេលដែលកិច្ចព្រមព្រៀងបច្ចុប្បន្នរបស់ពួកគេ នឹងត្រូវផុតសុពលភាពនៅឆ្នាំក្រោយ។

ជាការពិតណាស់ ទាំង Alonso និង Roberto សុទ្ធសឹងតែបានបាត់បង់តំណែងលេងរបស់ខ្លួន នៅក្នុងក្រុមរបស់លោក Xaviនៅរដូវកាលនេះ ខណ:ពេលដែល Joao Cancelo និង Alejandro Balde កំពុងក្លាយជម្រើសទី១ សម្រាប់ក្រុម។
មិនតែប៉ុណ្ណោះ ដោយសារតែខ្សែការពារទាំងពីរ នឹងត្រូវផុតកុងត្រា នៅចុងបញ្ចប់នៃរដូវកាលនេះហើយនោះ បើយោងតាមការចុះផ្សាយពីកាសែត Sport បានរាយការណ៍មកថាក្លិប Barca មិនមានបំណងចង់រក្សាទុកពួកគេទៀតនោះឡើយ។

តែទោះជាយ៉ាងណាក៏ដោយ Barcelona នឹងមិនទាន់ធ្វើការសម្រេចចិត្តចុងក្រោយណាមួយឡើយ រហូតដល់ក្រោយទីផ្សារដោះដូរកីឡាករខែមករាសិន ហើយ Alonso នៅតែអាចមានតួនាទីសំខាន់ ក្នុងការលេងឱ្យម្ចាស់ជើងឯកអេស្ប៉ាញ រហូតដល់ចុងបញ្ចប់នៃរដូវកាលនេះ៕