Reinier Jesus ហាក់ពិបាក ក្នុងការទទួលបានឱកាសនៅ Real Madrid ចាប់តាំងពីគេបានចូលរួមក្លិបអេស្ប៉ាញ នាឆ្នាំ២០២០។ គេមិនអាចបង្ហាញឥទ្ធិពលរបស់ខ្លួន ក្នុងរយៈពេល៦ខែដំបូងនៅទីនោះ ហើយបន្ទាប់មក កីឡាករប្រេស៊ីល នៅតែធ្វើមិនបានល្អ ពេលចូលរួមក្លិប Borussia Dortmund និង Girona ក្រោមលក្ខខណ្ឌខ្ចីជើង។
កីឡាករវ័យ២១ឆ្នាំ បច្ចុប្បន្នកំពុងលេងនៅក្លិប Frosinone ក្រោមលក្ខខណ្ឌខ្ចីជើង ប៉ុន្ដែស្ថានភាពរបស់គេ ហាក់មានភាពប្រសើរឡើងនៅប្រទេសអ៊ីតាលី។
គេរកគ្រាប់បាល់១គ្រាប់ និងបញ្ជូនឱ្យមិត្តរួមក្រុមសម្រេចទីបាន២គ្រាប់ ក្នុងការបង្ហាញខ្លួន៣ប្រកួតដំបូងនៅ Serie A ហើយក៏បានរកគ្រាប់បាល់ក្នុងការប្រកួត Coppa Italia កាលពីពាក់កណ្ដាលសប្ដាហ៍មុនផងដែរ។
ក្លិប Real Madrid មានការសាទរចំពោះការរីកចម្រើនសមត្ថភាពរបស់ Reinier ហើយពួកគេមានបំណងចង់លក់កីឡាករប្រេស៊ីលរូបនេះ ក្នុងទីផ្សាររដូវក្ដៅខាងមុខ។
យោងតាមប្រភពពី Fichajes បានឱ្យដឹងថា ក្លិបអធិរាជស បានកំណត់តម្លៃប្រមាណ១០លានអឺរ៉ូ ពោលគឺទាបជាង២០លានអឺរ៉ូ នៃប្រាក់ដែលពួកគេចំណាយលើការផ្ទេរចូល Reinier កាលពី៤ឆ្នាំមុន៕