ក្លិបបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍មកថា កំពុងរៀបចំខ្លួនរួចជាស្រេចហើយ ក្នុងការទទួលយកការផ្តល់ជូនសំណើពីសំណាក់ក្រុមនៅលីគ Saudi Pro League សម្រាប់កីឡាករ Casemiro ។
ជាពិតណាស់ កីឡាករសញ្ជាតិប្រេស៊ីលរូបនេះ បានសម្រេចផ្ទេរទៅកាន់ទឹកដី Old Trafford ពីក្លិប Real Madrid ក្នុងខែសីហា ឆ្នាំ ២០២២ ប៉ុន្តែបច្ចុប្បន្នអនាគតរបស់គេ ហាក់កំពុងមានភាពសង្ស័យខ្លាំង បើទោះបីជាបានចុះកុងត្រាជាមួយក្លិប រហូតដល់ទៅ ៤ ឆ្នាំក៏ដោយ។
យ៉ាងណាមិញ បើយោងតាមប្រភពពី 90min បានបង្ហាញថាក្លិបនៅលីគ Saudi Pro League បានកំណត់យក Casemiro ជាគោលដៅកំពូលរបស់ពួកគេសម្រាប់ឆ្នាំក្រោយ ជាពិសេសនៅពេលទីផ្សារដោះដូរកីឡាករបើកឡើងវិញ ក្នុងខែមករាខាងមុខ។
ប្រភពដដែលនេះ បានរាយការណ៍ទៀតថា ក្លិបមកពីអារ៉ាប៊ីសាអូឌីត នៅមិនទាន់ទាក់ទងជាផ្លូវការណាមួយជាមួយ ក្លិប Man United នៅឡើយទេ ប៉ុន្តែអ្នកតំណាងរបស់ Casemiro ហាក់កំពុងធ្វើការលើចំណាប់អារម្មណ៍នេះរួចស្រេចទៅហើយ៕