Tuesday, August 26, 2025
[the_ad_group id="102"]

Mbappe និយាយថាខ្លួនស្តាយដែលគ្មានសំណាងរួមក្រុមជាមួយ Ronaldo

Kylian Mbappe ខ្សែប្រយុទ្ធបារាំងបង្ហើបថាមានការសោកស្តាយ ដែលគ្មានសំណាងបានរួមក្រុមជាមួយនឹងនិមិត្តរូបខ្លួន គឺតារាបាល់ទាត់ Cristiano Ronaldo។ កីឡាករវ័យ ២៥ឆ្នាំ ដែលធ្លាប់រួមក្រុម Lionel Messi និង Neymar អះអាងថាដល់ពេលនេះជារឿងពិបាកបន្តិចហើយដើម្បីសម្រេចក្តីស្រមៃមួយនេះ។

តារាបាល់ទាត់សញ្ជាតិបារាំង បានអះអាងជាថ្មីថារូបគេបានធំធាត់ឡើង និងស្រលាញ់បាល់ទាត់ព្រោះតែរូបគេបានមើលគំរូ និងការបង្ហាត់បង្ហាញពីការបញ្ចេញសមត្ថភាពរបស់ ​Ronaldo។ រូបគេបានចាត់ទុកកីឡាករវ័យ ៣៩ឆ្នាំ ជានិមិត្តរូបតាំងពីរូបគេមានវ័យក្មេង និងចង់លេងនៅក្នុងក្លិប Real Madrid ប៉ុន្តែក្តីស្រម៉ៃធំបំផុតនោះ គឺរូបគេចង់លេងក្នុងក្រុមតែមួយជាមួយនឹងតារាបាល់ទាត់ព័រទុយហ្កាល់។ ពេលផ្លាស់ទៅក្រុមអធិរាជស កីឡាករបារាំងថែមទាំងបានស្រែកពាក្យដែល Ronaldo ធ្លាប់ប្រើនៅពេលការបង្ហាញខ្លួនដំបូងកាលពីឆ្នាំ ២០០៩ នៅក្លិបយក្សអេស្ប៉ាញ «Uno, dos, Tres, Hala Madrid» ដែលនេះបង្ហាញថាគេចង់កសាងកេរ្តិ៍ឈ្មោះដូចទៅនឹងនិមិត្តរូបជា Ronaldo។ តាមរយៈបទពិសោធន៍លេងជាមួយកីឡាករលំដាប់កំពូលៗ រួមមាន Lionel Messi, Neymar Jr ជាដើមនៅក្នុងក្រុម Paris Saint Germain កន្លងមក Mbappe នៅតែលើកឡើងថាខ្លួនគ្មានសំណាងលេងជាមួយ Ronaldo នៅក្នុងអាជីពបាល់ទាត់។ Mbappe ដែលរួមចំណែកជួយបារាំងឈ្នះជើងឯក World Cup ឆ្នាំ ២០១៨ និយាយប្រាប់ទៅកាន់ទូរទស្សន៍ BeIN Sports ដូច្នេះថា៖«ខ្ញុំធ្លាប់បានលេងជាមួយនឹងកីឡាករអស្ចារ្យជាច្រើនដូចជា Lionel Messi, Neymar, Griezmann, Pogba, Benzema តែវាអាចក្លាយជារឿងដ៏រីករាយមួយទៀតបើបានលេងជាមួយនឹង Cristiano Ronaldo។ វានឹងជារឿងពិបាកនៅពេលនេះ ព្រោះថាខ្ញុំគ្មានសំណាងឡើយ ដើម្បីអាចលេងរួមក្រុមជាមួយគាត់ វីរបុរសនៃកីឡា។»។ ចាប់តាំងពីចូលរួមជាមួយ Real Madrid ខ្សែប្រយុទ្ធវ័យ ២៥ឆ្នាំ បានសម្រេចបានសមិទ្ធផលជាបណ្តើៗ ដោយបានជួយក្រុមដណ្តើមបានពាន UEFA Super Cup កាលពីដើមរដូវកាល ហើយពេលថ្មីៗនេះរូបគេរួមចំណែកជួយក្រុមឈ្នះពាន Intercontinental Cup ផងដែរ។ យ៉ាងណាមិញ Mbappe បញ្ជាក់ថាខ្លួននៅមានផ្លូវវែងឆ្ងាយថែមទៀត ដើម្បីអាចសម្រេចបានសមិទ្ធផលដូចទៅនឹង Ronaldo ដែលធ្វើបាននៅ Santiago Bernabeu។ សម្រាប់ខ្សែប្រយុទ្ធព័រទុយហ្កាល់ រូបគេធ្លាប់បង្ហាញខ្លួនលេងឱ្យក្រុមអធិរាធស Real Madrid ជំនួន ៤៣៨ប្រកួត នឹងរកបានគ្រាប់បាល់ចំនួន ៤៥០គ្រាប់ ដោយគេឈរជាកីឡាកររកបានគ្រាប់បាល់ច្រើនជាងគេប្រចាំក្រុម។ Mbappe ដល់ពេលគេរកបានចំនួន ១៣គ្រាប់ ពីការបង្ហាញខ្លយន ២៣ប្រកួត ខណៈរដូវកាលដំបូងរបស់គេក្នុងក្រុមហាក់បីជាជួបបញ្ហា និងធ្វើមិនសូវបានល្អខ្លាំងប៉ុន្មានឡើយ៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]