អតីតអ្នកចាំទីរបស់ក្លិបបិសាចក្រហម Manchester United កីឡាករ David de Gea ត្រូវបានគេរាយការណ៍មកថា បានជួបពិភាក្សាជាមួយក្លិប Eldense ដែលស្ថិតនៅលីគលំដាប់ទីពីររបស់អេស្ប៉ាញ កាលពីសប្តាហ៍មុន ជុំវិញការផ្ទេរដែលអាចទៅរួចមួយ។
ជាការពិតណាស់កីឡាករវ័យ ៣៣ ឆ្នាំរូបនេះ បច្ចុប្បន្ននៅតែជាកីឡាករដែលគ្មានតម្លៃខ្លួន ចាប់តាំងពីគេបានចាកចេញពីក្លិប Manchester United កាលពីចុងខែមិថុនាកន្លងទៅ ដោយសារតែក្លិបអង់គ្លេសមិនផ្តល់កុងត្រាថ្មីបន្ថែម។
យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ មានការអះអាងដែលថាកីឡាករសញ្ជាតិអេស្ប៉ាញ អាចត្រលប់ត្រលប់ទៅ Man United ក្នុងកិច្ចសន្យារយៈពេលខ្លី ចំពេល Onana រំពឹងថានឹងលេងតំណាងឱ្យក្រុមជម្រើសជាតិកាម៉េរ៉ូន នៅពានរង្វាន់ Africa Cup of Nations នាខែមករា។
ទន្ទឹមនឹងនេះ ក្លិប Real Betis ក៏ត្រូវបានភ្ជាប់ទំនាក់ទំនងជាមួយ De Gea ប៉ុន្តែអ្នកចាត់ការក្លិបនៅ La Liga លោក Manuel Pellegrini បានចេញមុខច្រានចោលការលើកឡើងទាំងនោះវិញ ស្របពេលក្លិបនៅអារ៉ាប៊ីសាអូឌីតមួយចំនួនក៏ត្រូវបានគេគិតថាបានចាប់អារម្មណ៍ផងដែរ ។
ហើយឥឡូវនេះ បើយោងតាមសារព័ត៌មាន Onda Cero បានបង្ហាញថា De Gea បានជួបជាមួយប្រធានក្លិប Eldense កាលពីសប្តាហ៍មុន ដើម្បីពិភាក្សាអំពីការផ្ទេរមួយ ស្របពេលអ្នកចាំទីរូបនេះ ក៏ចាប់អារម្មណ៍ក្នុងការបណ្តាក់ទុនវិនិយោគ នៅក្នុងក្លិបលេងនៅក្របខ័ណ្ឌលំដាប់ទីពីររបស់អេស្ប៉ាញមួយនេះ ផងដែរ៕