ខ្សែប្រយុទ្ធឆ្នើមរបស់ក្រុម Napoli កីឡាករ Victor Osimhen ថ្មីៗនេះ ហាក់បានបង្ហាញពីចំណាប់អារម្មណ៍របស់ខ្លួន ក្នុងការផ្ទេរទៅចូលរួមជាមួយក្លិប Chelsea ជាជាងក្រុមនៅក្នុងក្របខ័ណ្ឌ Premier League ផ្សេងទៀត។
ជាការពិតណាស់ កីឡាករវ័យ ២៤ ឆ្នាំរូបនេះ បានអភិវឌ្ឍខ្លួនក្លាយជាកីឡាករដ៏ឆ្នើមបំផុតម្នាក់ ក្នុងពិភពបាល់ទាត់ អំលុងពេលដែលគេលេងឱ្យក្រុម Napoli ដោយរួមចំណែករកបាន ៦៥ គ្រាប់ និង Assists ១៥ លើក ពីការបង្ហាញខ្លួនត្រឹមតែ ១១១ ប្រកួត។
តែទោះជាយ៉ាងណាក៏ដោយ អនាគតរបស់ Osimhen នៅក្លិប Serie A ហាក់កំពុងមានភាពស្រពិចស្រពិល ជាពិសេសនៅពេលដែលកុងត្រារបស់គេនៅសល់តែជាង ១៩ ខែទៀតប៉ុណ្ណោះ និងកំពុងទទួលបានចាប់អារម្មណ៍ពីក្លិបនៅអង់គ្លេសជាច្រើន។
ប៉ុន្តែ បើយោងតាមអ្នកកាសែត Evening Standard លោក Nizaar Kinsella បានបង្ហើបឱ្យដឹងថា ចំណូលចិត្តរបស់ Osimhen គឺចង់ចុះហត្ថលេខាចូលរួមជាមួយក្រុម Chelsea ។
ជម្រាបជូនផងដែរថា កន្លងមកទាំងក្រុម Arsenal និង Tottenham Hotspur ត្រូវបានភ្ជាប់ទំនាក់ទំនងយ៉ាងខ្លាំង ជាមួយ Osimhen រួមជាមួយក្លិបបិសាចក្រហម Manchester United ផងដែរ ៕