បន្ទាប់ពីតារាឆ្នើម Vinicius Jr. ត្រូវអវត្តមានពីទីលានប្រកួតរហូតដល់ខែមករាឆ្នាំក្រោយ ពេលនេះក្រុម Real Madrid នៅសល់តែជម្រើសពីរប៉ុណ្ណោះក្នុងតំបន់ប្រយុទ្ធគឺ Rodrygo និង Joselu។
ក្លិបអធិរាជស អាចនឹងមានការនាំចូលសមាជិកថ្មី អំឡុងទីផ្សារខែមករាខាងមុខ ប៉ុន្ដែបច្ចុប្បន្ន ពួកគេអាចនឹងបង្ខំចិត្តប្រើប្រាស់កីឡាករក្នុងក្រុមយុវជន ដើម្បីមកជំនួសកន្លែង Vinicius ដែលសម្រាកព្យាបាលរបួសរយៈពេលវែង។
Alvaro Rodriguez ដែលបានចូលរួមក្រុមធំនារដូវកាលមុន និង Gonzalo Garcia Torres ដែលកំពុងបង្ហាញសមត្ថភាពលេចធ្លោនៅក្នុងក្រុម Castilla អាចនឹងទទួលបានឱកាសលេងក្នុងក្រុមរបស់អ្នកចាត់ការ Carlo Ancelotti ដើម្បីបំពេញកន្លែងដែលខ្វះខាត។
Gonzalo មិនទាន់មានឱកាសបង្ហាញខ្លួនសម្រាប់ក្រុមធំ Real Madrid នៅឡើយទេ ប៉ុន្ដែអំឡុងការប្រកួតដ៏មមាញឹក នាប៉ុន្មានសប្ដាហ៍ខាងមុខ អាចជាឱកាសសម្រាប់គេ ដើម្បីទទួលបាននាទីលេង ក្នុងក្រុមរបស់លោក Ancelotti មុនពេលដែល Vinicius ត្រលប់មកកាន់ទីលានប្រកួតជាថ្មី៕