គ្រូបង្វឹករបស់ក្រុមបិសាចក្រហម Manchester United លោក Erik ten Hag ត្រូវបានគេរាយការណ៍មកថា កំពុងសម្លឹងឃើញឱកាសក្នុងការផ្ទេរយកខ្សែការពារ Jarrad Branthwaite របស់ក្រុម Everton ចំពេលកំពុងមានចចាមអារ៉ាមចំពោះការចាកចេញរបស់ Raphael Varane ។
ជាក់ស្តែង អតីតកីឡាករជម្រើសជាតិបារាំងរូបនេះ ហាក់បីក្លាយជាជម្រើសមិនសំខាន់ក្នុងក្រុម Man Utd ខណ:យោងតាមសារព័ត៌មាន Daily Mail បានឱ្យដឹងថាក្លិប Bayern Munich មានឆន្ទៈក្នុងការនាំយកអតីតខ្សែការពារ Real Madrid ក្នុងតម្លៃ ២៥ លានផោន នៅក្នុងទីផ្សារដោះដូរកីឡាករនាពេលខាងមុខ។
យ៉ាងណាមិញ ជាមួយនឹងការចាកចេញដែលអាចកើតមានឡើងសម្រាប់ Varane ថ្មីៗនេះ ក្លិបបិសាចក្រហមត្រូវបានគេរាយការណ៍មកថាកំពុងស្វែងរកជម្រើសថ្មីដើម្បីមកជំនួសតំណែងនេះវិញ ដោយក្នុងនោះ Branthwaite ត្រូវបានចាត់ទុកថាជាគោលដៅកំពូល។
ទន្ទឹមនឹងនេះ ការផ្លាស់ប្តូរទៅកាន់ Old Trafford អាចសក្តិសមបំផុត សម្រាប់កីឡាករជម្រើសជាតិអង់គ្លេសអាយុក្រោម ២១ ឆ្នាំរូបនេះ បន្ទាប់ពី Everton ត្រូវបានកាត់ ១០ពិន្ទុ នៅក្នុងលីគ ក្រោយរកឃើញថាបានបំពានច្បាប់នៃប្រាក់ចំណេញ និងនិរន្តរភាពនៃការប្រកួត៕