អ្នកចាត់ការ Newcastle United លោក Eddie Howe ចេញមុខឆ្លើយតបនឹងចចាមអារ៉ាមជុំវិញ ការភ្ចាប់ជាមួយនឹងអតីតអ្នកចាំទីរបស់ Manchester United, David de Gea។
De Gea នៅទំនេរពុំទាន់មានក្លិបលេងនៅឡើយទេ តាំងពីចាកចេញពី Man Utd ក្រោយផុតកុងត្រានៅទីនោះនាដំណាច់រដូវកាលមុន។
នៅពេលដែលអ្នកចាំទីដៃទី១ Nick Pope របស់ក្រុមសារិកាព្រៃ ត្រូវប្រឈមនឹងការអវត្តមានរយៈពេល៤ខែ ដោយសាររបួសស្មារពេលនេះ Newcastle មានការភ្ជាប់ក្នុងការនាំយកអ្នកមកជំនួសកីឡាករជម្រើសជាតិអង់គ្លេស ហើយ De Gea ត្រូវបានរាយការណ៍ថា ជាជម្រើសមួយក្នុងចំណោមនោះ។
ទោះយ៉ាងណាក្ដី លោក Howe បាននិយាយថាមិនមានការទាក់ទងណាមួយ ហើយក្លិបមានការទុកចិត្តទៅលើអ្នកចាំទីដៃទី២ Martin Dubravka។
អ្នកចាត់ការរូបនេះបាននិយាយថា៖ “យើងមិនមានការដាក់សំណើឬការសម្រេចចិត្តណាមួយ អំពីការនាំអ្នកថ្មីចូល នាខែមករានោះទេ”។
“នេះជាឱកាសសម្រាប់អ្នកចាំទីដែលយើងមាននៅក្លិប ដើម្បីពង្រឹងតំណែងរបស់ពួកគេ ហើយវាដូចទៅនឹងគ្រប់កន្លែងផ្សេងទៀតនៅក្លិប។ យើងមានការជឿជាក់លើ Martin ហើយខ្ញុំនៅតែមានជំនឿចិត្តខ្ពស់ទៅលើគេ”៕