Friday, June 20, 2025
[the_ad_group id="102"]

ប្រធានក្លិបតួកគី Ankaragucu ត្រូវបានចាប់ខ្លួនក្រោយចូលដាល់មុខអាជ្ញាកណ្តាលដល់ក្នុងទីលានប្រកួត

អាជ្ញាធរប្រទេសតួកគី បានធ្វើការចាប់ខ្លួនលោក Faruk Koca ប្រធានក្លិបបាល់ទាត់ Ankaragucu និងជាអ្នកនយោបាយមួយរូបផង ពីបទដាល់អាជ្ញាកណ្តាលនៅក្នុងការប្រកួត Super Lig ហើយថែមទាំងបានឃុំខ្លួនជនសង្ស័យពីរនាក់ផ្សេងទៀតពីបទហិង្សា។

សហព័ន្ធបាល់ទាត់តួកគី TFF បាននិយាយថា ខ្លួនបានផ្អាកការប្រកួតលីគទាំងអស់ បន្ទាប់ពីឧប្បត្តិហេតុដ៏អាម៉ាសបានកើតឡើង នៅពេលដែលលោក Koca បានចូលទៅដាល់មុខអាជ្ញាកណ្តាល លោក Halil Umut Meler ដែលទទួលបន្ទុកកាត់ក្តីការប្រកួតក្នុងទឹកដីរបស់ក្រុម Ankaragucu ទល់នឹងក្រុម Rizespor កាលពីពេលថ្មីៗនេះ។

លោក Koca បានចូលទៅក្នុងទីលាន ហើយវាយលោក Meler នៅពេលដែលផ្លុំកញ្ចែចុងក្រោយបន្ទាប់ពីក្រុម Rizespor រកបានគ្រាប់បាល់នៅនាទីទី ៨៧ ដែលធ្វើឱ្យការប្រកួតបញ្ចប់ក្នុងលទ្ធផលស្មើ គ្នា ១-១ នៅកីឡដ្ឋាន Eryaman ។

ក្រោយរឿងរ៉ាវហិង្សាបានកើតឡើង អ្នកគាំទ្រក្រុម Ankaragucu បានលុកលុយចូលទីលានបន្ទាប់ពីការប្រកួត ហើយលោក Meler ក៏ត្រូវបានទាត់នៅពេលរូបលោកបានដួលក្រោយពីរងការដាល់មុខ។ អាជ្ញាកណ្តាលរូបនេះក៏ត្រូវបានជម្លៀសទៅកាន់បន្ទប់ផ្លាស់សម្លៀកបំពាក់ដោយមានជំនួយពីប៉ូលីស។

សហព័ន្ធបាល់ទាត់តួកគីបាននិយាយថា ប្រធានក្លិប Ankaragucu លោក Faruk Koca មន្ត្រីរបស់ក្លិប និងអ្នកដែលមានកំហុសក្នុងការវាយប្រហារលើអាជ្ញាកណ្តាល នឹងត្រូវបាន ដាក់ទណ្ឌកម្មក្នុងកម្រិតធ្ងន់ធ្ងរបំផុតតាមដែលអាចធ្វើទៅបាន។

លោក Halil Umut Meler ធ្លាប់ជាអាជ្ញាកណ្តាលរបស់ FIFA ចាប់តាំងពីឆ្នាំ ២០១៧ មក និងបានចូលកាត់ក្តីក្នុងការប្រកួតវគ្គចែកពូលនៃពានរង្វាន់ UEFA Champions League របស់ Lazio ជាមួយក្រុម Celtic កាលពីថ្ងៃទី ២៨ ខែវិច្ឆិកា។

អាជ្ញាកណ្តាលកាត់ក្តីការប្រកួតបាល់ទាត់ នៅក្នុងប្រទេសតួកគីតែងតែត្រូវបានរិះគន់ដោយអ្នកគ្រប់គ្រងក្លិប សម្រាប់ការសម្រេចចិត្តរបស់ពួកគេ ប៉ុន្តែកម្រជាគោលដៅនៃការវាយប្រហារដោយហិង្សាណាស់។

សូមជម្រាបថា បន្ទាប់ពីការប្រកួតកាលពីថ្ងៃទី១១ ខែធ្នូ កន្លងទៅ ក្រុម Ankaragucu កំពុងឈរនៅចំណាត់ថ្នាក់លេខ១១ ក្នុងតារាងលីគកំពូលតួកគី ដោយមាន១៨ពិន្ទុ ចំណែក Rizespor មាន២២ពិន្ទុឈរនៅចំណាត់ថ្នាក់លេខ៨ បន្ទាប់ពីឆ្លងកាត់ការប្រកួត១៥សប្តាហ៍ កន្លងមក៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]