ខ្សែបម្រើ Mateo Kovacic របស់ក្រុម Manchester City អាចនឹងក្លាយជាកីឡាករដំបូងគេក្នុងប្រវត្តិសាស្ត្រដែលឈ្នះពានរង្វាន់ FIFA Club World Cup ជាមួយនឹងក្រុមបីផ្សេងគ្នា។
ជាក់ស្តែងកីឡាករសញ្ជាតិក្រូអាតរូបនេះ គឺជាផ្នែកមួយនៃក្រុមរបស់លោក Pep Guardiola ដែលបានធ្វើដំណើរទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បីត្រៀមប្រកួតជាមួយក្រុម Urawa Reds ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃការប្រកួតពានរង្វាន់ Club World Cup ។
ហើយយ៉ាងណាមិញ ដោយបានឈ្នះពានរង្វាន់ UEFA Supercup ផងដែរនោះ នៅរដូវកាលនេះ Man City កំពុងសម្លឹងរកការបញ្ចប់ឆ្នាំដ៏អស្ចារ្យរបស់ខ្លួន ជាមួយនឹងការឈ្នះពានរង្វាន់ Club World Cup បន្ថែមទៀត។ ហើយប្រសិនបើពួកគេអាចធ្វើបានមែននោះ Kovacic ក៏អាចនឹងបង្កើតបានជាកំណត់ត្រាប្រវត្តិសាស្រ្តមួយផងដែរ ដែលសូម្បីតែកំពូលកីឡាករ Ronaldo និង Messi មិនអាចធ្វើបាន។
ជម្រាបជូនផងដែរថា ពីមុន Kovacic ធ្លាប់ឈ្នះពានរង្វាន់នេះ ជាមួយក្លិប Real Madrid ក្នុងឆ្នាំ ២០១៦ និង ២០១៧ ហើយបន្ទាប់មកឈ្នះវាម្តងទៀតជាមួយ Chelsea នៅឆ្នាំ ២០២១។ ហើយដោយបច្ចុប្បន្ន Kovacic ជាផ្នែកមួយនៃក្រុម Man City ដែលគេបានផ្ទេរមកចូលរួមជាមួយកាលពីរដូវក្តៅកន្លងទៅ វារំពឹងថាភាគជោគជ័យក្នុងពាន Club World Cup ឆ្នាំនេះ អាចនឹងធ្វើឲ្យកីឡាករសញ្ជាតិក្រូអាតឈ្នះពានរង្វាន់នេះ ជាមួយនឹងក្រុមបីផ្សេងគ្នាជាក់ជាមិនខាន៕