ខ្សែបម្រើ Kevin De Bruyne បានត្រឡប់មកហ្វឹកហាត់ជាមួយក្រុម Manchester City វិញ បន្ទាប់ពីសម្រាកព្យាបាលរបួសសរសៃពួរធ្ងន់ធ្ងរអស់រយៈពេល ៤ ខែ។
តារាឆ្នើមសញ្ជាតិបែលហ្ស៊ិកវ័យ ៣២ ឆ្នាំរូបនេះ បានរងរបួសសរសៃពួរធ្ងន់ធ្ងរអំឡុងពេលប្រកួតបើកឆាកលីគរបស់ Man City កាលពីខែសីហា ហើយមិនបានបោះជើងចូលទីលានប្រកួត តាំងពីពេលនោះមក។
De Bruyne មានបញ្ហារបួសសរសៃពួរមុនឈានទៅលេងវគ្គផ្តាច់ព្រ័ត្រនៃក្របខណ្ឌ Champions League ជាមួយ Man City ។ របួសហាក់បានជាសះស្បើយយ៉ាងឆាប់រហ័ស ធ្វើឱ្យគាត់បានត្រលប់មកការប្រកួតវិញក្នុងការប្រកួតពានរង្វាន់ Community Shield នៅពេល City ចាញ់ក្រុម Arsenal ប៉ុន្តែរបួសរបស់គាត់ បានរើឡើងជាថ្មីអំឡុងពេលប្រកួតបើកឆាក Premier League ជាមួយ Burnley ។
បន្ទាប់ពីទទួលការវះកាត់ជាសះស្បើយ De Bruyne មានឈ្មោះទៅក្នុងក្រុម City សម្រាប់ការប្រកួត Club World Cup នៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត។ កាលពីថ្ងៃចន្ទ ខ្សែបម្រើរូបនេះ បានចូលរួមក្នុងការហ្វឹកហាត់ជាមួយមិត្តរួមក្រុម មុនពេលការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាមួយនឹងក្រុមជប៉ុន Urawa Red Diamonds ។
De Bruyne មានសារសំខាន់ចំពោះក្រុមរបស់លោក Pep Guardiola ខណៈ City កំពុងជួបការលំបាកនៅក្នុងរដូវកាលនេះផងដែរ៕