ក្លិបបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍មកថា មិនមានគម្រោងក្នុងការចុះហត្ថលេខាលើកីឡាករ Sofyan Amrabat ក្នុងលក្ខខណ្ឌជាអចិន្ត្រៃយ៍នោះឡើយ នៅពេលទីផ្សាររដូវក្តៅក្រោយបើកឡើងវិញ។
ជាការពិតណាស់ អនាគតរបស់កីឡាករសញ្ជាតិម៉ារ៉ុករូបនេះ គឺជាប្រធានបទដែលត្រូវបានគេលើកយកមកនិយាយច្រើនកាលពីអំឡុងទីផ្សាររដូវក្តៅកន្លងទៅ នៅពេលដែលគេបានបំពេញការផ្ទេរដោយលក្ខខណ្ឌខ្ចីជើង មកកាន់ក្រុម Man United ។
ចាប់តាំងពីពេលនោះមក កីឡាករវ័យ ២៧ ឆ្នាំរូបនេះ បានចូលលេងជាទៀងទាត់សម្រាប់ក្រុម Man Utd នៅរដូវកាលនេះ ដោយបង្ហាញខ្លួនសរុប ១៧ ប្រកួត និងចូលលេង ៩០នាទីពេញ ៣ ប្រកួតចុងក្រោយទល់នឹងក្រុម Chelsea, Bournemouth និង Liverpool ផងដែរ។
តែទោះបីជាយ៉ាងណាក៏ដោយ យោងតាមគេហទំព័រ The Sun បានឲ្យដឹងថា Man United មិនត្រូវបានគេរំពឹងថានឹងព្យាយាមទាញយកលក្ខខណ្ឌអចិន្ត្រៃយ៍សម្រាប់ Amrabat ក្នុងអំឡុងពេលទីផ្សារដោះដូររដូវក្តៅនោះឡើយ។
ប្រភពដដែលនេះ បានអះអាងទៀតថាគ្រូបង្វឹកក្រុមបិសាចក្រហមលោក Erik ten Hag កំពុង រៀបចំផែនការរួចហើយ សម្រាប់រដូវកាលក្រោយដោយគ្មានវត្តមានរបស់ Amrabat ស្របពេលកីឡាកររូបនេះ ក៏ត្រូវបានភ្ជាប់ទំនាក់ទំនងជាមួយនឹងការផ្ទេរទៅកាន់ក្លិបផ្សេងផងដែរ៕