ក្លិប Barcelona និង Real Madrid ត្រូវបានគេបានរាយការណ៍មកថា មានបំណងចុះហត្ថលេខាលើខ្សែប្រយុទ្ធ Mason Greenwood របស់ក្លិបបិសាចក្រហម Manchester United ក្នុងអំឡុងទីផ្សារដោះដូរកីឡាករនារដូវក្តៅក្រោយ។
ជាក់ស្តែងកីឡាករវ័យ ២២ឆ្នាំរូបនេះ បច្ចុប្បន្នកំពុងខ្ចីជើងនៅក្លិប Getafe និងកំពុងបង្ហាញគុណផលលេងដ៏ល្អ ដោយអាចរកបាន ៥ គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមចំនួន ៤ លើក ក្នុងការបង្ហាញខ្លួន ១៥ ដងក្នុងគ្រប់ការប្រកួតទាំងអស់។
ហើយឥឡូវនេះ យោងតាម talkSPORT បានរាយការណ៍មកថា ក៏ក្លិបយក្សរបស់អេស្ប៉ាញទាំងពីរ គឺ Barcelona និង Real Madrid កំពុងបង្ហាញចំណាប់អារម្មណ៍ខ្លាំងលើការចុះហត្ថលេខាសម្រាប់កីឡាករសញ្ជាតិអង់គ្លេសរូបនេះ នៅរដូវក្តៅខាងមុខ។
ប្រភពដដែលនេះ បានអះអាងទៀតថា Man United បច្ចុប្បន្នមិនមានគម្រោងនាំយក Greenwood ត្រលប់មកកាន់ក្លិបរបស់ខ្លួនវិញនោះឡើយ បើទោះបីជាមានការលើកឡើងនាពេលថ្មីៗនេះថាអាចមានឱកាសសម្រាប់កីឡាកររូបនេះ ក្នុងការបន្តអាជីពរបស់គេជាថ្មី នៅក្នុងក្រុមក៏ដោយ៕