Barcelona អាចនឹងជួបការខកចិត្តចំពោះការសុំបន្ដកិច្ចសន្យាខ្ចីជើង Joao Felix ពីក្លឹប Atletico Madrid សម្រាប់រដូវកាល ២០២៤-២៥។
ក្លឹបអ្នកមានបុណ្យបានព្រមព្រៀងខ្ចីជើងខ្សែប្រយុទ្ធព័រទុយហ្កាល់ពីក្លឹប ដែលមានមូលដ្ឋានក្នុងទីក្រុងម៉ាឌ្រីដ រហូតដល់ដំណាច់រដូវកាលក្រោយ។ ប៉ុន្ដែ Atletico បានចុះកិច្ចសន្យារយៈពេលវែងជាមួយ Felix មុនដាក់រូបគេឱ្យ Barca ខ្ចីជើង ហើយកីឡាកររូបនេះ នៅតែមានអនាគតយូរអង្វែងជាមួយក្លឹប។
យោងតាមប្រភពពីសារព័ត៌មាន Sport បានរាយការណ៍ថា Barca មានការដាក់សំណើ នាំយក Felix ត្រលប់ទៅវិញជាលើកទី២ ក្នុងកិច្ចសន្យាខ្ចីជើងនារដូវក្ដៅឆ្នាំក្រោយ ដោយភ្ជាប់ជាមួយលក្ខខណ្ឌទិញផ្ដាច់នាឆ្នាំ២០២៥។
ទោះយ៉ាងណាក្ដី យោងតាម Relevo បានឱ្យដឹងថា Atletico នឹងបដិសេធសំណើរបស់ Barca ភ្លាមៗតែម្ដង។ ពួកគេមានការបើកចំហ ក្នុងការដាក់ឱ្យក្លឹបដទៃខ្ចី Felix ក្នុងតម្លៃ១៥លានអឺរ៉ូ ក្នុងមួយរដូវកាល និងមានគោលការណ៍ក្នុងការទិញផ្ដាច់ ប៉ុន្ដែមិនទទួលយកសំណើនៃការបន្ដកិច្ចសន្យាខ្ចីជើងជាមួយ Barca ឡើយ៕