គ្រូបង្វឹកក្រុមជម្រើសជាតិអង់គ្លេស លោក Gareth Southgate បានបង្ហើបថាខ្លួនធ្លាប់មានមហិច្ឆតាចង់វិលត្រលប់ទៅដឹកនាំក្រុមនៅ Premier League ម្តងទៀត បន្ទាប់ពីត្រូវបានលោក Jose Mourinho ណែនាំឲ្យមកកាន់តំណែងនេះវិញ។
ជាក់ស្តែង បុរសវ័យ ៥២ឆ្នាំរូបនេះ បានដឹកនាំក្រុមជម្រើសជាតិអង់គ្លេស ចាប់តាំងពីឆ្នាំ ២០១៦ មកម្លេះ បន្ទាប់ពីលោកធ្លាប់មានបទពិសោធដឹកនាំក្រុម Crystal Palace និង Aston Villa នៅក្នុងក្របខ័ណ្ឌ Premier League ។
គួរឲ្យដឹងថា លោក Southgate មានកិច្ចសន្យាជាមួយក្រុមជម្រើសជាតិអង់គ្លេស រហូតដល់ខែធ្នូ ឆ្នាំ ២០២៤ ហើយចំពោះការប្រកួតពានរង្វាន់ Euro នៅឆ្នាំក្រោយ ដែលធ្វើឡើងនៅប្រទេសអាឡឺម៉ង់ អាចជាការប្រកួតដ៏សំខាន់ចុងក្រោយក្នុងនាមជាគ្រូបង្វឹកក្រុមជម្រើសជាតិ។
ហើយយ៉ាងណាមិញ ក្នុងពេលថ្មីៗនេះ លោក Southgate បានបង្ហើបប្រាប់ពីព័ត៌មានលម្អិតមួយនៃការសន្ទនារវាងលោក ជាមួយ Mourinho ដោយបុរសសញ្ជាតិព័រទុយហ្គាល់ បានប្រាប់លោកថាឲ្យជ្រើសរើសយកឱកាសក្នុងការវិលត្រលប់មកដឹកនាំក្លិបនៅ PL វិញ នៅពេលវេលាស័ក្តិសមណាមួយ។
លើសពីនេះ លោកបាននិយាយទៀតថា ៖ “ខ្ញុំចាំថាបាននិយាយជាមួយ Jose ពេលគាត់នៅ Man Utd ហើយគាត់បាននិយាយថា អ្នកដឹងទេ នៅពេលដែលអ្នកបានបំពេញតួនាទីដែលអ្នកកំពុងនៅក្នុងពេលនេះ អ្នកនឹងអាចធ្វើអ្វីបានទាំងអស់ នៅកន្លែងណាមួយ។ ខ្ញុំគិតថាគាត់និយាយត្រូវ ហើយខ្ញុំកំពុងពិចារណាទៅលើឱកាសនេះ ” ៕