ខ្សែបម្រើវ័យក្មេង Pape Matar Sarr បានព្រមព្រៀងបន្ដកិច្ចសន្យាជាមួយក្លឹប Tottenham Hotspur រយៈពេល៦ឆ្នាំកន្លះ ដែលមានន័យថា គេអាចរួមរស់នៅក្លឹបអង់គ្លេសមួយនេះដល់ឆ្នាំ២០៣០។
កីឡាករជម្រើសជាតិសេណេហ្កាល់វ័យ២១ឆ្នាំ បង្ហាញខ្លួនក្នុងការប្រកួត១៨លើក ក្នុងក្រុមដឹកនាំដោយអ្នកចាត់ការ Ange Postecoglou នៅក្នុងក្របខណ្ឌ Premier League រដូវកាលនេះ។
Sarr ត្រូវបានកោះហៅចូលក្រុមជម្រើសជាតិសេណេហ្កាល់ នៅក្នុងព្រឹត្តិការណ៍ Africa Cup of Nations នាខែមករានេះ ប៉ុន្ដែការចូលរួមរបស់គេ ស្ថិតនៅក្នុងភាពស្រពេចស្រពិលក្រោយ មានរបួសអំឡុងការប្រកួតដែល Spurs ទទួលបានជ័យជម្នះ ៣-១ លើ Bournemouth។
រំឭកថា Sarr បានផ្ទេរទៅចូលរួមក្លឹបមាន់ខ្នាយមាសពីក្លឹបបារាំង Metz នាឆ្នាំ២០២១ ប៉ុន្ដែគេបានចំណាយពេលនារដូវកាល ២០២១-២២ ជាមួយក្លឹបចាស់របស់ខ្លួន ក្រោមកិច្ចសន្យាខ្ចី។
ក្រោយមកគេបានបង្ហាញខ្លួនលើកដំបូងសម្រាប់ Spurs នាខែមករា ឆ្នាំ២០២៣ ហើយបន្ដទទួលបានឱកាសចូលលេងសរុប៣៣លើក គ្រប់ពានរង្វាន់ទាំងអស់ និងរកគ្រាប់បាល់ពីរគ្រាប់៕