ខ្សែបម្រើអាល្លឺម៉ង់ Toni Kroos ដែលកំពុងប្រកបអាជីពនៅរដូវកាលទី ១០ ជាមួយក្លឹប Real Madrid ហាក់កំពុងចេញតម្រុយវិជ្ជមាន ក្នុងការឆ្ពោះបន្តទៅរដូវកាលបន្តបន្ទាប់ទៀតខាងមុខ ជាមួយកុងត្រាថ្មី នៅទឹកដីអេស្ប៉ាញ។
Kroos ដែលត្រូវផុតកុងត្រានាបញ្ចប់រដូវកាលខាងមុខ ត្រឹមថ្ងៃទី ៣០ មិថុនា ឆ្នាំ ២០២៤ នៅតែបង្ហាញទម្រង់លេងល្អដូចដើម ហើយក៏បន្តស្ថិតក្នុងការជ្រើសរើសរបស់អ្នកចាត់ការលោក Carlo Ancelotti ផងដែរ។ វាចំពេលគ្រូសញ្ជាតិប្រេស៊ីលទើបតកុងត្រាថ្មី គេជឿជាក់ថា កីឡាករជំនាញកាត់បាល់វែង ក៏ទំនងនឹងឈានដល់ការសម្រេចកិច្ចព្រមព្រៀងនោះដូចគ្នាពេលខាងមុខ។
អាចនឹងតបន្ថែម ១ ឬ ២ ឆ្នាំទៀត ចូលដល់អាយុល្បាក់ ៣៤ ឬ ៣៥ ឆ្នាំតែម្តងជាមួយអធិរាជស។ បញ្ជាក់ថា ឆ្នាំ ២០២៣ កន្លងទៅ Kroos បានក្លាយជាកីឡាករជំនាញកាត់បាល់វែងល្អដាច់គេ ជាមួយស្ថិតិបញ្ជូនជោគជ័យខ្ពស់ជាងកីឡាករណាៗទាំងអស់ទូទាំងលីគកំពូលទាំង ៥។
ជាមួយចំនួននាទីឈរជើងលើទីលាន ១ ៤១៣ នាទីរដូវកាលនេះ Kroos បង្ហាញខ្លួនសរុប ២៣ ប្រកួត ក៏រកបាន ១ គ្រាប់និង Assist ៦ លើក។ ប្រកួតបន្ទាប់របស់ក្លឹប នឹងត្រូវចូលមកដល់នៅវេលាម៉ោង ០១:១៥ នាទីទៀបភ្លឺ ឈានចូលថ្ងៃ ទី ០៤ មករា ក៏នឹងមានផ្សាយបន្តផ្ទាល់លើទំព័រ CTS SPORTS៕