អ្នកចាត់ការក្រុម Real Madrid លោក Carlo Ancelotti បានធ្វើការបញ្ជាក់ថា លោកពិតជាបាននិយាយជាមួយក្រុមជម្រើសជាតិប្រេស៊ីលពិតមែន ខណ:ពេលដែលអនាគតរបស់លោកជាមួយក្លិប Real Madrid ហាក់មិនមានភាពច្បាស់លាស់។
ជាក់ស្តែង កិច្ចព្រមព្រៀងពីមុនរបស់លោក Ancelotti ជាមួយក្លិប Madrid គឺនឹងត្រូវផុតកំណត់នៅចុងបញ្ចប់រដូវកាលនេះ ខណ:ស្ថានភាពនេះហើយទើបធ្វើឲ្យលោកត្រូវបានភ្ជាប់ទំនាក់ទំនងយ៉ាងខ្លាំង ជាមួយនឹងការងារនៅក្នុងក្រុមជម្រើសជាតិ។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ បុរសវ័យ ៦៤ ឆ្នាំរូបនេះ តែងតែបង្ហើបថាជម្រើសដំបូងរបស់គាត់ គឺចង់ចុះហត្ថលេខាលើកុងត្រាថ្មីបន្ថែមទៀតនៅទឹកដី Bernabeuខណ:ពេលដែលក្លិបគឺពិតជាបានផ្តល់ជូនកុងត្រាថ្មីដល់លោកបន្ថែមទៀតមែន ដោយនឹងបន្តវារហូតដល់ខែមិថុនាឆ្នាំ ២០២៦ ឯណោះ ។
មិនតែប៉ុណ្ណោះ លោក Ancelotti បានប្រាប់អ្នកយកព័ត៌មានមុនទល់នឹងក្រុម Mallorca កាលពីយប់ថ្ងៃពុធថា ៖ “រីករាយណាស់ជាមួយនឹងការបន្តកុងត្រាថ្មីរបស់ខ្ញុំ។ វាសាមញ្ញ។ មិនមានបញ្ហា ឬការសង្ស័យអ្វីនោះទេ។ ហើយខ្ញុំពិតជារីករាយណាស់ក្នុងការបន្តវារយៈពេលពីរឆ្នាំទៀត ក្នុងនាមជាគ្រូបង្វឹករបស់ Real Madrid” ។
លោកបន្តទៀតថា ៖ “ការពិតគឺថាគ្រប់គ្នាបានដឹងហើយថាខ្ញុំបានទាក់ទងជាមួយ Ednaldo (ប្រធានសហព័ន្ធបាល់ទាត់ប្រេស៊ីល) ហើយខ្ញុំសូមអរគុណគាត់សម្រាប់រឿងនោះ។ គាត់ចាប់អារម្មណ៍ខ្ញុំយ៉ាងខ្លាំង ហើយចង់ឱ្យខ្ញុំធ្វើជាគ្រូបង្វឹកប្រេស៊ីល។ ប៉ុន្តែគោលបំណងធំរបស់ខ្ញុំគឺចង់បន្តជាមួយ Real Madrid ” ៕