ការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៣ របស់ប្រភេទកីឡាជឺជីតស៊ូកម្ពុជា ឆ្នាំនេះសម្លឹងឃើញក្រុមកីឡាករ កីឡាការិនីមានភាពរីកចម្រើនបច្ចេកទេសគួរឲ្យកត់សម្គាល់ ខណៈចំណាត់ថ្នាក់លេខ១ បានលើក្លឹបក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ព្រឹត្តិការណ៍ថ្នាក់ជាតិឆ្នាំ២០២៣ នេះដំណើរទៅរយៈពេល ២ថ្ងៃគឺចាប់ពីថ្ងៃទី២០ ដល់ ២១ ខែមករា ឆ្នាំ២០២៤ នៅសាលដំបូលទូកក្នុងសកលវិទ្យាល័យភូមិន្ទភ្នំពេញ។ សមាគម-ក្លឹប មកចូលរួមសរុប ៩ ដែលមានកីឡាករ កីឡាការិនី គ្រូបង្វឹក ប្រតិភូរហូតដល់ ២០៨នាក់។

លោក ជឹម ធារ៉ា តំណាងគណៈកម្មការរៀបចំការប្រកួតបានលើកឡើងក្នុងរបាយការណ៍ថា តាមការសង្កេតមើលឃើញថាកីឡាករ កីឡាការិនី មានការរីកចម្រើនជាងមុនបើប្រៀបធៀបចំពោះការប្រកួតឆ្នាំមុន។ ការរីកចម្រើនសមត្ថភាពនេះដោយសារតែពួកគេមានបទពិសោធឆ្លងកាត់ការប្រកួតច្រើនដង និងរួមផ្សំជាមួយគ្រូមានបច្ចេកទេសល្អផងនោះទើបធ្វើឲ្យសិស្សៗឆាប់ចាប់បាន ឬធ្វើការប្រកួតបានល្អប្រសើរដូចនេះ។

បញ្ជាក់ដែរថា ចំណាត់ថ្នាក់លេខ១ បានលើក្លឹបកីឡាជឺជីតស៊ូ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឈ្នះមេដាយមាស៥ ប្រាក់១ សំរឹទ្ធ២ សរុប ៨គ្រឿង លេខ២ បានលើក្លឹបគីរីជឺជីតស៊ូ ឈ្នះមេដាយមាស៤ ប្រាក់៦ សំរឹទ្ធ១២ សរុប ២២គ្រឿង និងលេខ៣ បានលើក្លឹបមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ឈ្នះមេដាយមាស៣ ប្រាក់៣ សំរឹទ្ធ១ សរុប៧គ្រឿង៕
