ប្រធានក្លឹប Barcelona លោក Joan Laporta បានអះអាងថា ប្រសិនបើមិនមែន លោក Xavi Hernandez ទេនោះ អ្នកចាត់ការរបស់ក្លឹប អាចនឹងត្រូវបានបណ្ដេញចេញពីតំណែង បើផ្អែកទៅលើស្ថានភាពបច្ចុប្បន្ន។
Barcelona ទទួលបានលទ្ធផលខកចិត្តផ្ទួនៗនៅក្នុងខែមករា ដោយចាញ់ Real Madrid 4-1 ក្នុងវគ្គផ្ដាច់ព្រ័ត្រ Spanish Super Cup, ហើយធ្លាក់ចេញពី Copa del Rey ក្នុងវគ្គ៨ក្រុមចុងក្រោយ ក្រោមថ្វីជើង Athletic Bilbao នៅម៉ោងបន្ថែម។ លើសពីនេះទៅទៀត ពួកគេបន្ដបរាជ័យ ៥-៣ ទល់ Villarreal ទើបលោក Xavi ប្រកាសចាកចេញពីក្លឹប ក្រោយចប់រដូវកាល។
នៅពេលត្រូវបានសួរចំពោះលទ្ធភាព នៃការបញ្ចប់តំណែងលោក Xavi មុនខែមិថុនាមកដល់ ប្រធានក្លឹបអ្នកមានបុណ្យ លោក Laporta និយាយថា៖ “ប្រសិនបើវាអាស្រ័យលើខ្ញុំ ខ្ញុំនឹងមិនបណ្ដេញលោក Xavi ទេ។ គាត់មិនស័ក្ដិសមទទួលបានបែបនេះឡើយ។ គាត់ពិតជាជឿជាក់ចំពោះវិធីសាស្ដ្រដែលយើងកំណត់ រហូតដល់ចប់រដូវកាល”។
“Barca មិនបោះបង់ពាន La Liga ឬ Champions League នោះទេ ហើយយើងមានសមាជិកក្នុងក្រុមល្អគ្រប់គ្រាន់ ដើម្បីប្រជែង ហើយអាចយកឈ្នះ Napoli។ យើងមិនមានមន្ទិលទេ ចំពោះការពាក់ព័ន្ធរវាងថ្នាក់ដឹកនាំ និងកីឡាករ។ ប្រសិនបើមិនមែនជា Xavi ទេនោះ ខ្ញុំប្រហែលជាបណ្ដេញអ្នកចាត់ការចេញបាត់ទៅហើយ ក្នុងស្ថានភាពបែបនេះ”៕