ខ្សែប្រយុទ្ធឆ្នើមរបស់ក្លិប Bayern Munich កីឡាករ Leroy Sane ត្រូវបានគេរាយការណ៍មកថា បានប្រាប់ទៅកាន់ក្លិបអ្នកមានបុណ្យ Barcelona ថាគេគ្មានចំណាប់អារម្មណ៍ក្នុងការផ្ទេរទៅកាន់ទីផ្សារនោះឡើយ កាលពីអំឡុងទីផ្សារដោះដូររដូវក្តៅកន្លងទៅ។
ជាការពិតណាស់ បច្ចុប្បន្នកំពុងមានការរំពឹងទុកជាច្រើនពាក់ព័ន្ធជាមួយនឹងអនាគតរបស់ Sane ខណ:ពេលដែលកុងត្រាបច្ចុប្នន្នរបស់គេជាមួយក្លិប Bayern នឹងត្រូវផុតកំណត់នៅរដូវក្តៅឆ្នាំ ២០២៥ ខាងមុខ។
យ៉ាងណាមិញក្លិប Man City ត្រូវបានគេយល់ឃើញថា មានចំណាប់អារម្មណ៍ក្នុងការនាំយកកីឡាករសញ្ជាតិអាល្លឺម៉ង់ទៅកាន់ទឹកអង់គ្លេសសារជាថ្មីម្តងទៀត ខណ:ពេលដែលក្លិបរួមលីគផ្សេងទៀត ដូចជា Man Utd និង Liverpool ក៏ត្រូវបានគេរាយការណ៍មកថាបានបង្ហាញចំណាប់អារម្មណ៍ខ្លាំងផងដែរ។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ យោងតាមការចុះផ្សាយពីសារព័ត៌មាន Sport កាលពីពេលថ្មីៗនេះ បានបង្ហាញថាក្លិប Barca បានបញ្ជាក់យ៉ាងច្បាស់ថាពួកគេចាប់អារម្មណ៍លើ Sane ខ្លាំង ដោយថែមទាំងចាត់ទុកគេថាជាបេក្ខភាពសំខាន់ ក្នុងការជំរុញតំបន់ប្រយុទ្ធរបស់ក្រុម នាទីផ្សារខាងមុខនេះផងដែរ។
ប៉ុន្តែទោះជាយ៉ាងណា ដោយនិយាយពីអនាគតរបស់ខ្លួន Sane បានប្រាប់អ្នកយកព័ត៌មានថា ៖“ខ្ញុំមិនបានគិតពីវាទេ។ មានក្លិបជាច្រើនបានទាក់ទងមក ប៉ុន្តែនៅពេលនេះខ្ញុំចង់ផ្តោតជាមួយក្លិបបច្ចុប្បន្នរបស់ខ្ញុំ នៅរដូវកាលនេះ។ Bayern នឹងជាអ្នកសម្រេចពីអនាគតរបស់ខ្ញុំនៅជំហានដំបូង ហើយចំពោះអ្វីៗផ្សេងទៀតខ្ញុំនឹងត្រូវសម្រេចដោយខ្លួនឯង”៕