អតីតខ្សែបម្រើរបស់ក្លិបបិសាចក្រហម Manchester United កីឡាករ Marouane Fellaini បានប្រកាសចូលនិវត្តន៍ពីអាជីពជាកីឡាករបាល់ទាត់ នៅក្នុងវ័យ ៣៦ឆ្នាំ។
ជាក់ស្តែង Fellaini បានចាប់ផ្តើមអាជីពដំបូងរបស់ខ្លួន ជាមួយក្លិប Standard Liege ដោយបានបង្ហាញខ្លួនសរុប ៨៤ លើក សម្រាប់ក្រុមបែលហ្ស៊ិក មុនពេលផ្លាស់ទៅកាន់ប្រទេសអង់គ្លេសជាមួយក្រុម Everton ក្នុងឆ្នាំ២០០៨។
ក្នុងអំឡុងពេលនោះ ខ្សែបម្រើរូបនេះ បានរួមចំណែករកគ្រាប់បាល់បញ្ចូលទីបាន ៣៣គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមបាន ២៦លើក ក្នុងការបង្ហាញខ្លួន ១៧៧ ប្រកួត មុនពេលផ្លាស់ទៅ Man United នៅរដូវក្តៅឆ្នាំ២០១៣ ។
Fellaini ក៏បានបង្ហាញខ្លួនសរុបចំនួន ១៧៧លើក សម្រាប់ក្រុមម្ចាស់ជើងឯកអង់គ្លេស ២០សម័យ ផងដែរ ដោយរកបាន ២២ គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមចំនួន ១២លើក មុនសម្រចចិត្ត ចាកចេញទៅកាន់ប្រទេសចិន។
នៅក្នុងប្រទេសចិន Fellaini បានចូលលេងតំណាងឲក្យក្រុម Shandong Taishan ចន្លោះឆ្នាំ២០១៩ ដល់២០២៣ ហើយបានសម្រេចចិត្តដើរចេញ ក្នុងនាមជាកីឡាករគ្មានតម្លៃខ្លួន ចុងបញ្ចប់នៃរដូវកាលនេះ ហើយឥឡូវនេះគេបានប្រកាសចូលនិវត្តន៍ពីអាជីពជាកីឡាករបាល់ទាត់អាជីពហើយ។
ដោយបានបញ្ជាក់ពីការសម្រេចចិត្តនេះ Fellaini បានបង្ហោះសារនៅលើគណនី Instagram ផ្លូវការរបស់ខ្លួនថា ៖ “ខ្ញុំកំពុងសរសេរសារនេះ ដើម្បីប្រកាសថា បន្ទាប់ពីចាយពេលក្នុងអាជីពរយៈពេល ១៨ឆ្នាំ ខ្ញុំចូលនិវត្តន៍ពីបាល់ទាត់ហើយ“៕