ខ្សែប្រយុទ្ធ Harry Kane បានពន្យល់ពីមូលហេតុដែលរូបគេពុំមានលទ្ធភាពក្នុងការប្រជែងពាន Ballon d’Or ជាមួយកំពូលកីឡាករដូចជា Lionel Messi និង Cristiano Ronaldo។
ប្រធានក្រុមជម្រើសជាតិអង់គ្លេស ជាខ្សែប្រយុទ្ធលំដាប់កំពូលមួយរូបក្នុងបាល់ទាត់បច្ចុប្បន្ន។ គេជាកីឡាករដែលរកគ្រាប់បាល់ច្រើនបំផុតសម្រាប់ក្រុមជម្រើសជាតិអង់គ្លេស និងក្លឹប Tottenham Hotspur នៅក្របខណ្ឌ Premier League ប៉ុន្ដែពុំដែលជួយក្រុម និងក្លឹបរបស់ខ្លួន ឈ្នះពាននោះទេ។
ចំពោះមូលហេតុដែលគេពិបាកប្រជែងពានបុគ្គលជាមួយ តារាឆ្នើមលំដាប់កំពូលដូចជា Messi និង Ronaldo, ខ្សែប្រយុទ្ធរបស់ Bayern Munich រូបនេះ បាននិយាយថា៖ “ខ្ញុំមានរដូវកាលដ៏អស្ចារ្យជាច្រើន នាពេលកន្លងមក ប៉ុន្ដែចុងក្រោយការមិនឈ្នះពានជាក្រុម ពិតជាមិនត្រូវបានចាត់ទុកជាបេក្ខភាពប្រជែងពាន Ballon d’Or និងពានបុគ្គលផ្សេងទៀតនោះទេ។ វាពឹងផ្អែកទៅលើអ្វីដែលអ្នកបានឈ្នះជាក្រុម”។
“អ្នកត្រូវតែអាចជួយក្រុមឈ្នះរបស់ទាំងនោះ។ សម្រាប់យើង Bundesliga និង Champions League រួមទាំង Euro នារដូវក្ដៅ តាមរយៈការឈ្នះពានទាំងនោះជាក្រុម នឹងជួយឱ្យអ្នកឈ្នះពានលក្ខណៈបុគ្គល”៕